កីឡាបរទេស ៖ កីឡាករChristiano Ronaldo និងកីឡាករLionel Messi លែងបានបន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយទាំងពីរនាក់ដូចគ្នា បន្ទាប់ពីក្រុម Juvestus ចាញ់ក្រុម FC Porto ចំណែកក្រុមBarcelona ចាញ់ក្រុម Paris Saint-Germain បានត្រឹមមកដល់វគ្គ១៦ក្រុមដូចគ្នា។
ក្នុងរដូវកាលនេះក្រុមអ្នកមានបុណ្យ Barcelona ធ្វើមិនបានល្អឡើយទាំងក្នុងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក ដោយកាលពីយប់មិញនេះបានធ្លាក់ចេញពី ពាន់រង្វាន់Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៧មក បន្ទាប់ពីសរុបទាំងពីរជើងចាញ់ Paris Saint-Germain ដោយលទ្ធផល ៥-២។
សម្រាប់ការប្រកួតជើងទី២ក្រុមយក្ស Catalan ត្រូវធ្វើការធ្ងន់នៅក្រៅដីដើម្បីវាយបកទើបសង្ឃឹមឡើងទៅវគ្គបន្តបាន បន្ទាប់ពីជើងទី១ចាញ់ធ្ងន់កដោយលទ្ធផល ៤-១ក្នុងផ្ទះរបស់ខ្លួន។ ប៉ុន្តែយប់មិញនេះធ្វើមិនបានល្អទេដោយបញ្ចប់ទៅត្រឹមស្មើគ្នា១-១នៅនាទីទី៣១ក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ PSG ទទួលបានបាល់ពិន័យ១១ម៉ែត្រដែលភារៈនេះធ្លាក់ទៅលើតារាវ័យក្មេង Kylian Mbappe ហើយស៊ុតបានសម្រេចនាំមុខ ១-០ ប៉ុន្តែត្រឹមតែ៦នាទីក្រោយ Barcelona តាមស្មើ ១-១ បន្ទាប់ពីតារាឆ្នើម Lionel Messi ស៊ុតពីចម្ងាយចូលទីបានសម្រេចដើម្បីផ្តល់ក្តីសង្ឃឹមដល់ក្រុមភ្ញៀវ។
នៅចុងវគ្គទី១ ក្រុមអ្នកមានបុណ្យទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ Lionel Messi ស៊ុតមិនបានសម្រេចទេ បន្ទាប់ពីអ្នកចាំទី Navas ជួយសង្គ្រោះបាន។ លទ្ធផល ១-១ នេះនៅរក្សារហូតដល់ចប់៩០នាទី។បើគិតចាប់តាំងពីឆ្នាំ២០០៧មក នេះជាលើកដំបូងហើយដែល Barcelona បានធ្លាក់ចេញពីពានរង្វាន់ធំលំដាប់លេខ១នៅអឺរ៉ុបក្នុងវគ្គ១៦ក្រុមចុងក្រោយពោលគឺមានរយៈពេល១៤ឆ្នាំ។
ក្នុងយប់ជាមួយគ្នានេះផងដែរក្រុមនៅអង់គ្លេស ហង្សក្រហម Liverpool ធ្វើមិនសូវបានល្អទេនៅលីគក្នុងរដូវកាលនេះ ប៉ុន្តែ Champions League ធ្វើបានល្អ។ ការប្រកួតជើងទី២យប់មិញក្នុងផ្ទះរបស់ខ្លួន Liverppool បានឈ្នះ RB Leipzing ២-០ ខណៈជើងទី២ក៏ឈ្នះ ០-២ ដែរ។ ដូច្នេះសរុបទាំងពីរជើងឈ្នះដោយមិនឲ្យតដៃរួច ៤-០។
មកដល់ពេលនេះគេបានរកឃើញ៤ក្រុមហើយឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន UCL គឺក្រុម FC Porto របស់ព័រទុយហ្គាល់,ក្រុម Borussia Dortmund របស់អាល្លឺម៉ង់,ក្រុម Liverpool របស់អង់គ្លេស និងក្រុម PSG របស់បារាំង ហើយអ្វីដែលគួរឲ្យសំគាល់នោះគឺតារាឆ្នើមលើលោកទាំងពីរគឺ Christiano Ronaldo និង Lionel Messi លែងបន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយទាំងពីរនាក់ដូចគ្នា បន្ទាប់ពីក្រុម Juvestus និងក្រុមBarcelona អស់ឱកាសត្រឹមវគ្គ១៦ក្រុមដូចគ្នា៕