ភ្នំពេញ ៖ ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២០ ទទួលបានដោយជោគជ័យ នៅសាលាខណ្ឌព្រែកព្នៅ កាលព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីថ្នាក់ខណ្ឌនិងសង្កាត់ ព្រមទាំងក្រុមហ៊ុនចំនួន១១ចូលរួមដេញថ្លៃក្នុងឱកាសនោះផងដែរ។
គម្រោងមូលនិធិអភិវឌ្ឋន៍សង្កាត់ទាំង៥ ក្នុងឆ្នាំ២០២០ ដែលដាក់ឲ្យដាញថ្លៃនាពេលនោះរួមមាន ទី១សង្កាត់ព្រែកព្នៅ ជួសជុលលូរំដោះទឹក១ខ្សែប្រវែង៣៥៤ម៉ែត្រ និងអង្កត់ផ្ចិត០,៨ម៉ែត្រ។ ទី២សង្កាត់សំរោង ជួសជុលលូរំដោះទឹក១ខ្សែប្រវែង២៨៩ម៉ែត្រ ទី៣សង្កាត់ពញ្ញាពន់ ជួសជុលផ្លូវចាក់បេតុងអាមេ១ខ្សែប្រវែង១៦៨ម៉ែត្រ ទទឹង៦ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ ទី៤សង្កាត់គោករកា ជួសជុលផ្លូវចាក់បេតុងអាមេ១ខ្សែប្រវែង២៩៤ម៉ែត្រ ទទឹង៥ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ និងទី៥សង្កាត់ពន្សាំង ជួសជុលផ្លូវចាក់បេតុងគ្មានសសៃដែក១ខ្សែប្រវែង៣៦៣ម៉ែត្រ ទទឹង៥ម៉ែត្រ កំរាស់១៥សង់ទីម៉ែត្រ។
ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានលើកឡើងថា គោលបំណងនៃការដេញថ្លៃនាពេលនេះ ទាមទាឲ្យមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ គណៈកម្មការលទ្ធកម្មសង្កាត់ជនបង្គោលតាមដានត្រួតពិនិត្យនិងវាយតម្លៃ ជាពិសេសតំណាងប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីគម្រោងឲ្យទទួលបានជោគជ័យ និងមានតម្លាភាព ដើម្បីឲ្យឆ្លើយតបទៅនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមានសម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកអភិបាលខណ្ឌ បន្តថាតាំងនាមឲ្យក្រុមប្រឹក្សាខណ្ឌគណៈអភិបាលខណ្ឌ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ថវិកាវិភាគន៍ដល់សង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានក្នុងឆ្នាំ២០២០នាពេលនេះ។
ចំណែកលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វាមិនមានជារឿងថ្មីនោះទេ ការដេញថ្លៃនេះ ជាការចូលរួមចំណែកផ្នែកឯកជន តាមរបៀបប្រកួតប្រជែងក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ ដើម្បីកសាងសមិទ្ធផលក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍតាមតម្រូវការរបស់មូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកបន្តថាសម្រាប់ក្រុមហ៊ុន អ្នកទទួលការដេញថ្លៃគម្រោងបានឈ្នះក្នុងថ្ងៃនេះ សូមរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនវត្តតាមផែនការសកម្មភាពការងារ ឲ្យបានច្បាស់លាស់ ពិសេសគម្រោងត្រូវធានាគុណភាព បទដ្ឋានបច្ចេកទេស សោភ័ណភាព អនុវត្តគម្រោងទាន់ពេលកំណត់ ព្រមទាំងរក្សាបានសវត្ថិភាពល្អក្នុងការដ្ឋាន។
ក្នុងនោះផងដែរលោកអភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ខណ្ឌ និងសង្កាត់សូមចូលរួមសហការរៀបចំពិធីបើកការដ្ឋានអនិវត្តគម្រោង និងត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗ ក្នុងការអនិវត្តគម្រោងនេះ ដើម្បីឲ្យសម្រេចបានលទ្ធផលល្អប្រសើរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីដែលបានកំណត់៕