ពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានយកមកអប់រំអោយត្រឡប់ទៅផ្ទះវិញ

0
460

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។

ប្រតិបត្តិការពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ចំនួន៣០០នាក់ តាមច្រករបៀងនេះដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង។

ចំពោះពលរដ្ឋខ្មែរដែលបានទប់ស្កាត់មិនអោយឆ្លងដែនខុសច្បាប់ធ្វើឡើងក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃមានចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងអស់ភាគច្រើន​គឺមកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ និងបានណែនាំឲ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់៕

Facebook Comments
Loading...