សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ដែលបាញ់តតាំងគ្នាជាមួយសមត្ថកិច្ចនៅខនដូមួយកន្លែងក្នុងកោះពេជ្រ

0
3478

ភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ បានបាញ់សំដៅមកសមត្ថកិច្ចជាច្រើនគ្រាប់ដើម្បីការពារខ្លួន ខណៈពេលដែលសមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅអាគារខនដូរមួយកន្លែងដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើ គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ រីឯសមត្ថកិច្ចបាញ់ការពារខ្លួនវិញចំនួន៣គ្រាប់។

ជាមួយគ្នានោះលោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានឲ្យដឹងដែរថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានបានឡោមព័ទ្ធ ជាមួយវិធានប្រុងប្រយ័ត្នបំផុត។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វើការសាកសួរនៅមន្ទីប្រ​ឆាំ​ងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តស្វែងរកពាក់ពួកយកមកផ្ដន្ទាទោសតាមច្បាប់៕

Facebook Comments
Loading...