ប្រជាកសិករនៅស្រុកប្រាសាទបាគង កំពង់ព្រួយបារម្ភ អំពីដំណាំស្លឹកគូរឆាយបាត់បង់ទីផ្សារ

0
5606

សៀមរាប ៖ ប្រជាកសិករនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កំពង់ព្រួយបារម្ភ អំពីដំណាំស្លឹកគូរឆាយបាត់បង់ទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩ ខណៈដែលក្នុងអំឡុងពេលកូវីដ-១៩នេះ ពួកគាត់គ្មានមុខរបរផ្សេងទៀតក្រៅពីដំណាំស្លឹកគូរឆាយនេះ។

កសិករឈ្មោះ ព្រឿន ពេជ្រ នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានឲ្យដឹងនាថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០នេះថា កាលពីឆ្នាំ២០១៩ ដំាណាំស្លឹកគូរឆាយ ពួកគាត់អាចលក់អោយអ្នកកម្ម៉ង់ទិញចាប់ពី ៦០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃៗ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ។

បងស្រីបញ្ជាក់ថា ចំពោះស្លឹកគូរឆាយក្នុងមួយគីឡូក្រាម អាចលក់បានពី ២៥០០រៀល ទៅ៤០០០រៀល ហើយមានស្លឹកគូរឆាយប៉ុន្មាន គឺអ្នកកំម៉ង់ទិញយកទាំងអស់។ ក្នុងនោះដែរស្លឹកគូរឆាយនេះងាយស្រួលដាំ ដោយប្រើរយ:ពេល១៥ថ្ងៃអាចទទួលផល ប៉ុន្ដែក្រោយពេលមានបញ្ហាជំងឺកូវីដ-១៩នេះ ពួកគាត់បានបាត់បង់ទីផ្សារគួរអោយព្រួយបារម្ភ ខណៈដែលក្នុងអំឡុងពេលកូវីដ-១៩នេះ គ្មានមុខរបរផ្សេងទៀតក្រៅពីដំណាំស្លឹកគូរឆាយនេះ។

ចំណែកអ្នកស្រី ព្រឿន ស្រី ដែលជាកសិករមួយរូបនៅក្នុងឃុំរលួស បានអោយដឹងដែរថា កាលពីស្លឹកគូរឆាយមានទីផ្សារគ្រប់គ្រាន់ គឺគ្មានប្រជាកសិករធ្វើចំណាកស្រុកទេពោលកសិករមានការងារធ្វើគ្រប់គ្រាន់ ក្រៅពីធ្វើស្រែដែលធ្វើអោយប្រជាកសិករ មានជីវភាពគ្រួសារល្អប្រសើរ ប៉ុន្តែនៅពេលបច្ចុប្បន្នេះ ពោលចាប់ពីជំងឺកូវីដ-១៩នេះផ្ទុះឡើង ភ្ញៀវទេសចរណ៍ក៏បាត់បង់ទីផ្សារស្លឹកគូរឆាយ ព្រោះស្លឹកគូរឆាយជាប្រភេទដាំណាំម្ស៉ាង ដែលភាគច្រើនភ្ញៀវទេសចរបរទេសចូលចិត្ដទទួលទាន។

អ្នកស្រីបានបន្ដថា ការធ្លាក់ចុះទីផ្សារស្លឹកគូរឆាយនេះ បានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាកសិករផងដែរ ដោយពួកគាត់អំពាវនាវដល់អាជ្ញាធរជួយធ្វើយ៉ាងបង្កើតទីផ្សារនេះឡើងវិញ ដើម្បីជួយសម្រួលជីវភាពគ្រួសារកសិករផង។

សូមជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ភូមិគោកស្រុក ជាភូមិមួយ ស្ថិតក្នុង ឃុំរលួសមានផ្ទៃដីសរុបចំនួន២៦៥ហិកតា មានប្រជាពលរដ្ឋ សរុបចំនួន៣០១ គ្រួសារ នឹងមានពលរដ្ឋសរុបចំនួន ១២៥៩នាក់ ស្រី៦៨៨នាក់។ ពលរដ្ឋនៅក្នុងភូមិនេះ ភាគច្រើនមានមុខរបរជាកសិកម្ម ដាំដុះជាលក្ខណៈគ្រួសារ ក្នុងនោះក៏មាន ដាំស្លឹកគូឆាយ និងធ្វើនំគូឆាយ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងក្រុងសៀមរាប និងបណ្តាស្រុកមួយចំនួនទៀតផងដែរ៕

Facebook Comments
Loading...