ភ្នំពេញ ៖ លើកឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំឲ្យការិយាល័យសាធារណការ បង្កើតក្រុមការងារ ដោយសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីចុះមើលផ្លូវដែលទទួលរងការខូចខាត និងចុះមើលប្រព័ន្ធប្រឡាយលូតាមបណ្តាសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ក្នុងរដូវភ្លៀងនេះ។
លោក សុខ សម្បត្តិ បានមានប្រសាសន៍លើកឡើងថា ការិយាល័យសាធារណការ ត្រូវបង្កើតក្រុមការងារ ដោយសហការជាមួយសង្កាត់ទាំង៥ ក្នុងការចុះមើលផ្លូវដែលទទួលរងការខូចខាត ដូចជា គ្រលុកសំបុកមាន់ ត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់ កុំទុកឲ្យទទួលរងការខូចខាតធ្ងន់ធ្ងរ ក្នុងការជួសជុលអស់ថវិកាច្រើន។ ការងារមួយទៀត ពាក់ព័ន្ធប្រព័ន្ធលូ ក៏ត្រូវចុះពិនិត្យមើលស្ថានភាពលូនៅតាមបណ្ដាមូលដ្ឋានសង្កាត់ទាំង៥ មានន័យថា បើកន្លែងណាទទួលរងការខូចខាត ឬបាក់បែក ក៏ត្រូវតែធ្វើការជួសជុលឡើងវិញជាបន្ទាន់ដែរ។
មួយវិញទៀត ចំពោះទឹកដក់នៅចិញ្ចើមផ្លូវ ក៏ជាការងារដែលត្រូវតែធ្វើផងដែរ ពោលគឺត្រូវកាយទឹកដក់ទាំងនោះឲ្យហូរចូលលូ មិនត្រូវទុកឲ្យស្អុយនៅតាមបណ្ដាផ្លូវសាធារណៈនោះទេ។
ពាក់ព័ន្ធនឹងការងារនេះផងដែរ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់សង្កាត់ទាំង៥ ត្រូវយកចិត្តទុកដាក់លើការងារនេះ គឺត្រូវជំរុញឲ្យមន្ត្រីចុះទៅដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង។
ជាងនេះទៅទៀត អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះណែនាំប្រជាពលរដ្ឋ ឲ្យពួកគាត់ទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំទុកដាក់សំរាមនៅលើគម្របលូ មាត់លូ ដែលបង្កឲ្យស្ទះលូ ពេលដែលភ្លៀងធ្លាក់ម្ដងៗ៕