កីឡាបរទេស ៖ លោក Zidane ដែលជាអ្នកចាត់ការក្រុម Real Madrid មិនចាត់ទុកខ្សែប្រយុទ្ធ Gareth Bale និង James Rodriguez ក្នុងខ្សែភ្នែកឡើយ ហើយមិនដាក់ឈ្មោះក្នុងបញ្ជីក្រុម Real Madrid ដើម្បីធ្វើដំណើរទៅប្រកួតជាមួយក្រុម Manchester City ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅយប់ថ្ងៃសុក្រខែសីហានេះ។
ក្រុម Real Madrid បានបរាជ័យកាលពីជើងទី១ ក្នុងលទ្ធផល ២-១ រួចមកហើយ។ ដូច្នេះជើងទី២លេងនៅទឹកដីអង់គ្លេស ក៏អាចនឹងធ្វើឱ្យក្រុមលោក Zidane ពិបាកក្នុងការវាយបកយកឈ្នះវិញផងដែរ។ តែបើទោះជាយ៉ាងនេះក្តីកីឡាករBale និង James មិនមានឈ្មោះក្នុងក្រុមចេញទៅលេងនៅអង់គ្លេសឡើយ បើទោះជាពួកគេបានមកហាត់ជាធម្មតានៅក្នុងក្រុមកាលពីពេលកន្លងទៅនេះក៍ដោយ។
ទាំងនេះបានបញ្ជាក់ថាទំនាក់ទំនងរវាងកីឡាករទាំងពីរ និងអ្នកចាត់ការ Zidane បានឈានដល់ទីបញ្ចប់ទៅហើយ។ លោក Zidane ដែលជាអ្នកចាត់ការក្រុម បានបញ្ចូលឈ្មោះកីឡាករក្មេងៗក្នុងក្រុមជំនួសពួកគេទាំងពីរ។ខ្សែប្រយុទ្ធជម្រើសជាតិវែល និងកូឡុំប៊ីខាងលើទាំងពីរនេះដែរ កាលពីចុងរដូវកាលកន្លងទៅនេះ ក៏ពួកគេមិនមានឈ្មោះលេងដែរ។ Bale បានត្រឹមអង្គុយកៅអីបម្រុង ខណៈដែល James វិញ មិនមានឈ្មោះតែម្ដង ដោយសាមីខ្លួនសុំមិនបាច់បញ្ចូលឈ្មោះគេទេ បើសិនជាមិនដាក់ឱ្យលេងដដែល៕