សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប៧៤០,០២៨នាក់

0
6307

ភ្នំពេញ ៖ កំណើនភ្ញៀវទេសចរផ្ទៃក្នុងកើនឡើងជាបន្ទាប់ ពិសេសក្នុងខែកក្កដា ឆ្នាំ២០២០នេះ ដែលលើសពីបណ្តាខែកន្លងមកក្នុងកំឡុងកូវិដ១៩ ហើយអាជីវកម្មទេសចរ​ណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរផងដែរនៅទូទាំងប្រទេស។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។

ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។

ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។

នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានការយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ៕

Facebook Comments
Loading...