ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ឧត្តមសេនីយ៍សេះហោះពីរករណីផ្សេងគ្នា

0
927

ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់បុរសម្នាក់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ចំនួន២បទល្មើសដាច់ដោយឡែកពីគ្នា ទី១.បទល្មើស រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ប្រមាណ១០៥ ០០០ ដុល្លារអាមេរិក និងបទល្មើសទី២.ប្រើប្រាស់អាវុធដោយខុសច្បាប់ នឹងក្លែងឋានៈតួនាទីឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ (នាយឧត្តមសេនីយ៍)។

លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានអោយដឹងថា បុរសដែលត្រូវបានចោទប្រកាន់មានឈ្មោះ ហ៊ឹម  រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ មានអាសាយដ្ឋានផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជននេះត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហា ផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា នឹងបាននាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធដូចការចោទប្រកាន់ចំនួន២បទល្មើសដាច់ដោយឡែកពីគ្នា ទី១.បទល្មើស រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ប្រមាណ១០៥ ០០០ ដុល្លារអាមេរិក និងបទល្មើសទី២.ប្រើប្រាស់អាវុធដោយខុសច្បាប់ នឹងក្លែងឋានៈតួនាទីឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ (នាយឧត្តមសេនីយ៍) ។

អង្គហេតុក្នុងបទល្មើសទី១ ដែលតុលាការចោទប្រកាន់ គឺតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ជនសង្ស័យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នា បានទៅនិយាយលួងលោមគាត់(ដើមបណ្តឹង)ដល់ផ្ទះស្វិតនៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឲ្យរកប្រាក់ចំនួន១០៥ ០០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការរកស៊ីរបស់ខ្លួន ដោយជនសង្ស័យ បានធានាអះអាងថា ក្នុងរយៈពេល១ខែ និងបង្វិកប្រាក់ឲ្យវិញគ្រប់ចំនួន។ ផ្ទុយទៅវិញដល់ថ្ងៃកំណត់ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេសមិនទទួលខុសត្រូវ ថែមទាំងបិតទូរស័ព្ឌបណ្តាលឲ្យជួបផលលំបាកក្នុងការទាក់ទងថែមទៀតផង។ ដោយឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានអន្ទងឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ឲ្យមកផ្ទះរបស់ខ្លួនដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ ទីបំផុតដូចចូលអន្ទាក់របស់ជនរងគ្រោះចាប់ទុកឲ្យសមត្តកិច្ចចាត់ការតែម្តង។

លុះពេលត្រូវជាប់ខ្នោះដោយសារអំពើឆបោកនោះ ក៏ស្រាប់លេចចេញបទល្មើសមួយថ្មីទៀតគឺ ជននេះបានក្លែងខ្លួនជានាយឧត្តមសេនីយ៍ នាយនគរបាលទៀត ថែមទាំងមានកាំភ្លើងខ្លីសៀតចង្កេះបង្ហួតស្រីហ៊ឺហាផស់គេអញ្ចឹងទៅទើបបោកគេបានលុយទាំងដុំ៕

Facebook Comments
Loading...