ភ្នំពេញ ៖ មានប្រសាសសន៍សំណេះសំណាល ជាមួយបងប្អូននារី ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ នារីខួបលើកទី១០៩ នាព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅបានថ្លែងអំណរគុណ និងគោរពដឹងគុណ យ៉ាងធំធេង ចំពោះបងប្អូននារីដែលបានខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ មិនខ្លាចនឿយហត់ ក្នុងការរួមចំណែករអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ពិសេសចូលរួមចំណែក ក្នុងការការពារសន្ដិភាពដែលកំពុងកើតមាននៅកម្ពុជា។
លោក អភិបាលខណ្ឌ បានបញ្ជាក់ថា នារីគឺជាធនធានមនុស្សប្រកបដោយសក្ដានុពល នៅក្នុងគ្រួសារនិងសង្គម លើការគ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន អប់រំសមាជិកគ្រួសាររួមទាំងការលើក កម្ពស់ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។ នារីគឺជាម្ដាយជាអ្នកពពោះបង្កើត កូនបន្ទាប់មកចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានធំធាត់ រៀបចំចាត់ចែងសព្វសារពើក្នុងគ្រួសារ ជាគ្រូទី១ ឯគ្រូបង្ហាត់បង្រៀន នៅសាលាគឺជាគ្រូទី២ប៉ុណ្ណោះ។ ក្រៅពីកិច្ចការខាងលើនារីនៅមាន តួនាទីផ្សេងទៀតក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងបំពេញការងារផ្សេងៗក្នុងសង្គមដូច បុរសដែរ។
លោក សុខ សម្បត្តិ បានលើកឡើងទៀតថាបើគ្មាននារីពិតជាមានការលំបាក សម្រាប់ការរស់ នៅក្នុងសង្គមគ្រួសារក៍ដូចជាសង្គមជាតិទាំងមូល។ តាមការកត់សម្គាល់ការរស់នៅ ក្នុងគ្រួសារ កូនៗតែងស្រឡាញ់ម្ដាយជាងឪពុក ព្រោះរាល់សេចក្ដីត្រូវការរបស់កូនៗ ម្ដាយតែងបំពេញឲ្យកូន ជាប់ជានិច្ចច្រើនជាងឪពុកដោយសារម្ដាយមានពេលវេលានៅជាមួយកូនៗច្រើនជាងឪពុក ដែលធ្វើកិច្ចការងារច្រើននៅខាងក្រៅ។ ប៉ុន្ដែភាពជោគជ័យ លើសមភាពយេនឌ័ររបស់ស្ដ្រី គឺទាមទារឲ្យមាន ការឧបត្ថម្ភគាំទ្រយ៉ាងពេញ ទំហឹងពីបុរសដូចនេះបុរសត្រូវខិតខំប្រឹងប្រែង ជួយដល់ស្ដ្រី ព្រោះថាការជួយស្ដ្រី គឺជាការជួយខ្លួនឯង។
គួរកត់សម្គាល់ថាការរំលឹកខួបលើកទី១០៩ ទិវាអន្ដរជាតិនារី៨មិនា ឆ្នាំ២០២០នេះ ប្រារព្ធ ឡើងក្រោមប្រធានបទ«មានសន្ដិភាព មានការលើកកម្ពស់ សមត្ថភាពយេនឌ័រ » ក្នុងបំណង ជម្រុញ លើកកម្ពស់សិទ្ធស្រី តាមរយៈការផ្ដល់ឱកាស ឲ្យស្ដ្រីចូល រួមបានច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ កាន់តែពេញលេញ មានសមត្ថភាពក្នុងការធ្វើសេក្ដីសម្រេច និង មានលទ្ធភាពចូលរួមកាន់តែច្រើនក្នុងការធ្វើនយោបាយ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌ និងភរិយា លោកប្រធានក្រុមប្រឹក្សាខណ្ឌនិងភរិយា បាននាំយក អំណោយ១ចំនួន ចែកជូនដល់បងប្អូន នារីដែលជាភរិយា និងជាមន្ដ្រីសាលាខណ្ឌ និងនារី មកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ ដោយក្នុងម្នាក់ទទួលបាន ក្រណាត់ស៊ឹង១ សំពត់ព្រមទាំង ថវិកា៤ម៉ឺនរៀល៕