ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃកីឡាករជើងខ្លាំងវ័យក្មេង សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក ឡើងស្វាគមន៍កីឡាករថៃម៉ាំងកនដាំ សដានឆ័យ និងកីឡាករឃុំថង សដានឆ័យ មកសុំសាកស្នៀតគុនក្បាច់ខ្មែរនុរាណលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៦ ខែកុម្ភ់ ឆ្នាំ២០២០នេះ។
កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។
កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកីឡាករថៃម៉ាំងកនដាំ សដានឆ័យ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមនេះរឿង សោភ័ណ្ឌ អាចរក្សាការឈ្នះរបស់ខ្លួនបានទៀតឫយ៉ាងណា?។
ដោយឡែកកីឡាករជើងថ្មី សូត្រ វាសនា ត្រូវជួបជាមួយកីឡាករថៃឃុំថង សដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសូត្រ វាសនា ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃឃុំថង សដានឆ័យ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។
ចំណែកកីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសូត្រ វាសនា និងកីឡាករថៃម៉ាំងកនដាំ សដានឆ័យ នរណាជាអ្នកឈ្នះ?៕