សេក គឹមរួន និងអេលីត ភក្តីដ ឡើងណ្តើមយកលេខ១ និងលេខ៣ពីកីឡាករថៃ

0
1110

ភ្នំពេញ ៖ កីឡាករល្អសាច់សេក គឹមរួន អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ដណ្តើមយកលេខ១ ខណៈកីឡាករ​ជើង​ខ្លាំង​វ័យក្មេង អេលីត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ជួបកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ ដណ្តើមយកលេខ៣ នៅ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ​២០១៩នេះ។

កីឡាករ​សេក គឹមរួន ជួបកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្តលងមក គេបានយកឈ្នះលើកីឡាករ​ជើង​ខ្លាំង​វ័យក្មេង អេលីត ភក្តី ខណៈកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ គេបានយកឈ្នះលើកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ ស្នៀតខ្លាំងរបស់កីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករសេក គឹមរួន ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើ​យ​គេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។

ការជួបគ្នារវាងកីឡាករសេក គឹមរួន និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ត្រូវបានអ្នកតាមដានលើកឡើងថា ពិតជាស្វិតស្វាញជាមិនខាន ព្រោះទំរាំបានឡើងមកដល់វគ្គនេះ កីឡាករម្នាក់ម្នាក់ៗមានការប្រកួតពិតជាមិនធម្មតាឡើយ ដែ​ល​បានយកឈ្នះលើកីឡាករថៃ និងកីឡាករកម្ពុជាតាំងពីវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក។ ចាំមើលរវាងសេក គឹមរួន និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នរណាជាអ្នកឈ្នះទទួលបានខ្សែក្រវាត់នេះ?។

ដោយឡែកកីឡាករអេលីត ភក្តី បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះ​ករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្នុងការប្រកួតជាមួយកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ ដណ្តើមយកចំណាត់ថ្នាក់លេខ៣នេះ ត្រូវបានក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​អេលីត ភក្តី មានភាគរយឈ្នះច្រើនលើកីឡាករថៃ ព្រោះការប្រកួតចាញ់កីឡាករសេក គឹមរួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបាត់បង់តំណែងទៅដណ្តើមយកលេខ១នោះ ជាការឈឺចាប់ដែលអាចអោយគឹខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងជាងមុន។ ចាំមើល​អេលីត ភក្តី និងកីឡាករថៃហ្វាស៊ីថង ប.យុទ្ធភូមិ នរណាជាអ្នកឈ្នះទទួលបានលេខ៣?៕

Facebook Comments
Loading...