ភ្នំពេញ ៖ កីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ជួបជាមួយកីឡាករអ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ខណៈកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃទួនប៉េ ដើម្បីដណ្តើមប្រាក់លាន នាថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
កីឡាកររឿង សោភ័ណ្ឌ ជួបជាមួយកីឡាករអ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម កីឡាករអ៊ីរ៉ង់ម្នាក់នេះគេជាជើងខ្លាំង ដែលហ្វឹកហាត់នៅប្រទេសថៃ ហើយគេមានស្នៀតប្រយុត្តខ្លាំងទាំងព្រមតែម្តង ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀត កីឡាករល្មមៗមិនអាចទបទល់ជាមួយគេបាន៥ទឹកនោះទេ។ ចំណែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។
កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកីឡាករអ៊ីរ៉ង់សាហ៊ូ ហ្គេសារៀន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនេះរឿង សោភ័ណ្ឌ ជាអ្នកឈ្នះឫកីឡាករអ៊ីរ៉ង់?។
ដោយឡែកកីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករទួនប៉េ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាងនេះទៅទៀតគេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីសង្វៀនកម្ពុជា នាឆ្នាំ២០១៩នេះទៀតផង។
ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបឹង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករថៃទួនប៉េ នរណាជាអ្នកឈ្នះ?៕