ភ្នំពេញ ៖ កីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ជួបកីឡាករថៃណុកក្រាក់ជីប ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ក្នុងប្រភទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករអ៊ីរ៉ង់NIMA ហ្វឹកហាត់នៅប្រទេសថៃដូចនេះ ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយរយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន និងស្នៀតជើងទាត់កាត់ក៍ធ្វើបានល្អផងដែរ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកីឡាករអ៊ីរ៉ង់NIMA នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះណុកក្រាក់ជីប ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
ខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃណុកក្រាក់ជីប នេះនរណាជាអ្នកឈ្នះបានប្រាក់លាន?៕