លន បញ្ញា កៀកស្មារនិងសូត្រ ខេវិន ជួបកីឡាករថៃដណ្តើម៣ពិន្ទុ

0
1104

ភ្នំពេញ ៖ កីឡាករលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ កៀកស្មារនិងកីឡាករសូត្រ ខេវិន អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ជួបជាមួយកីឡាករថៃរ៉ាចឆាវ៉ាត់ និងកីឡាករដាវវិសេដ ក្នុងវគ្គជម្រុះជុំទី១ឆ្ពោះទៅដណ្តើមជើងឯក និងខ្សែក្រវាត់ ខណៈកីឡាករឃីម ប៉ូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ឡើងសាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ងMOSTAFA នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០១៩។

កីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃរ៉ាចឆាវ៉ាត់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃក៍ទើបមកប្រកួតនៅស្រុកខ្មែរដែរ ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃរ៉ាចឆាវ៉ាត់ នរណាជាអ្នកឈ្នះបាន៣ពិន្ទុ?។

ចំណែកកីឡាករសូត្រ ខេវិន ត្រូវជួបជាមួយកីឡាករថៃឈ្មោះដាវវិសេដ ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម។ មួយរយះចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​កីឡាករសូត្រ ខេវិន ​នោះ​ឡើយ បើ​ទោះ​ជា​សមត្ថភាព​របស់​គេ នៅ​មិនទាន់​ដូច​កីឡាករ រៀមច្បងដែលល្បីកន្លងមកក៍ដោយ។​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សូត្រ ប៊ុនធី​ បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯកដែ​ល​ជា​គូ​ទស្សន៍ទាយ និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង។

អ្នក​ប្រដាល់​មានដៃវែងជើងវែងសូត្រ ខេវិន ជាអ្នក​ប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជាច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើ​យ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ តែយ៉ាងណាក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានលើកឡើងថា កីឡាករសូត្រ ខេវិន មានសង្ឃឹមឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ។ ចាំមើលកីឡាករសូត្រ ខេវិន ជា​អ្នកឈ្នះឬកីឡាករថៃឈ្មោះដាវវិសេដ បាន៣ពិន្ទុ?។

ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករអ៊ីរ៉ងMOSTAFA ក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ។ តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករអ៊ីរ៉ងMOSTAFA ?៕

Facebook Comments
Loading...