បន្ទាប់ពីចាញ់សង្វៀន​ ONEមកកីឡាករសុខ ធី ត្រូវគ្រូបង្វឹកថាគ្រាន់បើជាងមុន

0
978

ភ្នំពេញ ៖ បន្ទាប់​ពី​ចាញ់​ Rodtang Jitmuangnon ​​កាល​ខែ​ ឧសភា​ កន្លង​ទៅ​​នៅ​ប្រទេស​ថៃ កីឡាករសុខ ធី កូន​សិស្ស​របស់លោកគ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​​ ​​​​​មើល​ទៅ​​​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​មុន​​ ​ហើយ​ត្រៀម​ខ្លួន​ឡើង​សង្វៀន​​ឯក​ភ្នំ​ដើម្បី​ប្រកួត​ ៣​​ទឹក​ដូច​សង្វៀន​ ONEដែរ ដែលតម្រូវឲ្យកីឡាករបុក​តាំង​ពី​ដំបូងតែម្តង។​

​​​​លោក​ សាន សៅយ៉ាន់​ ​រំលឹក​ថា​ ​បន្ទាប់​ពី​ សុខ ធី ​​ចាញ់​​​ដោយ​សារ​​ការ​ទាត់​ជើង​ក្រោម​ ​របស់​ Rodtang ​គេ​បាន​​តាំង​ចិត្ត​​ហ្វឹកហាត់​យ៉ាង​ល្អ​ដើម្បី​​ត្រលប់​មក​ដូច​ដើម​ និង​ ​ល្អ​ប្រសើរ​ជាង​មុន។​ ​ក្រោយ​រង​បរាជ័យ​ទល់​នឹង​ ​​មនុស្ស​ដែក​ Rodtang ​សុខ​ ធី​ ទើប​ឡើង​សង្វៀន​បាន​ ២​ ប្រកួត​ប៉ុណ្ណោះ​ ហើយ​ឈ្នះ​ទាំង​ពីរ​ប្រកួត។​ ​គ្រូ​បង្វឹក​ដដែល​ថា​ ​សុខ ធី​ ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Khaokrachang ​​ដោយ​ពិន្ទុ​​នៅ​សង្វៀន​ PNN កាល​ចុង​​​ខែ​ កក្កដា។ ​លោក​​សង្កេត​ឃើញ​ថា​ ​​​សុខ ធី​ ​វ៉ៃ​ប្រាំ​ទឹក​​អត់​អស់​កម្លាំង​ស៊ុហ្វ​ ​​ពោល​​​កម្លាំង​ស៊ុហ្វ​​ល្អ​ជាង​មុន​ច្រើន។​ ​មុន​​​ឈ្នះ​ពិន្ទុ​នៅ​ PNN ​កាកា​ ​​បាន​វ៉ៃ​​កីឡាករ​ថៃ​ Petchprakan ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី៤​នៅ​សង្វៀន​បាយ័ន។​

​គ្រូ​បង្វឹក​វ័យ​៤០​ ​ឆ្នាំ​​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​គូស​បញ្ជាក់​បែប​នេះ៖«​​សុខ ធី ​បាន​ខិត​ខំ​​​ហាត់​​ដែល​​នាំ​​ឲ្យ​គេ​រឹង​ជាង​មុន​ ដូច​​ដែល​បាន​តាំង​ចិត្ត​​ ​ក្រោយ​ចាញ់​ Rodtang។ ​ខ្ញុំ​មើល​ឃើញ​ពីរ​ប្រកួត​កន្លង​ទៅ​ គេ​ល្អ​។ ​ហើយ​​ចុង​ខែ​នេះ​នឹង​ត្រៀម​ខ្លួន​ឡើង​ប្រកួត​​​បន្ត​បន្ទាប់។ ​​កាកា​នឹង​ឡើង​ប្រកួត​ ៣ ទឹក​ដូច​សង្វៀន​ ONE ​នៅ​ឯកភ្នំ ​​នា​ខេត្ត​បាត់​ដំបូង»។

​គ្រូ​បង្វឹក​ដដែល​​រៀប​រាប់​ថា​ ​ការ​វ៉ៃ​ប្រាំ​ទឹក​របស់​ ​កាកា​ នៅ​បាយ័ន​ និង PNN ​​​ល្អ​​ណាស់ ​និង​មាន​លំនឹង​ទៀត​ផង​ថែម​​​ល្អ​ទាំង​​កម្លាំង​ស៊ុហ្វ។ ​«​ខ្ញុំ​គិត​ថា​ បើ​វ៉ៃ​៣​ទឹក​​នៅ​សង្វៀន​ឯក​ភ្នំ​ ​​រឹត​​តែ​ល្អ​ទៀត​ហើយ។ ព្រោះ​យើង​វ៉ៃ​ ៥ទឹក​អត់​​​សូវ​ហត់​ផង។ ​ការ​ប្រកួត​៣ ទឹក​ខុស​ប្លែក​គ្នា​ពី​ប្រាំ​ទឹក។ ​បើ​​លេង​ ៣​ គឺ បុក​តាំង​ពី​ដំបូង។ ​បើ​យើង​ឈ្នះ​ ២​ទឹក​គឺ​មាន​ប្រៀប​ឈ្នះ​តែ​ម្ដង។​ ហើយ​អាជ្ញា​កណ្ដាល​ដាច់​ខាត​ត្រូវ​តែ​ប្រាប់​ឲ្យ​កីឡាករ​វ៉ៃ​ មិន​មែន​ឡើង​​​​មក​ខ្លាចៗ​ទេ»។ ​នេះ​ជា​​ការ​​បញ្ជាក់​​ ​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ ៥៧ គីឡូក្រាម​កាល​ឆ្នាំ​ ២០០២​​​​​។

សុខ ធី​ បង្ហាញ​ខ្លួន​ ៣​ លើក​នៅ​សង្វៀន​លំដាប់​​អន្តរជាតិ​​ ONE​ ប៉ុន្តែ​ បរាជ័យ​ទាំង​ ៣ លើក​តែ​ម្ដង​ដោយ​សារ​​គូ​ប្រកួត​សុទ្ធ​តែ​​​លំដាប់​ខ្សែ​ក្រវាត់​នៅ​ថៃ និងពិភព​លោក។ ​​គេ​ចាញ់​​ជើង​ខ្លាំង​​ម្ចាស់​ខ្សែ​ក្រវាត់​​ជា​ច្រើន​នៅ​ថៃ​ Leardsila ​ចំនួន​២​លើក​ និង​​ចុង​ក្រោយ​​ចាញ់​​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Rodtang Jitmuangnon ​នៅ​សង្វៀន​ ONE: WARRIORS OF LIGHT ​​​កាល​ថ្ងៃ​ទី​​​១០ ​ខែ​ឧសភា ​​នៅ​ក្រុង​បាងកក៕

Facebook Comments
Loading...