អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការជំរុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធរួចទើបធ្វើអាជីវកម្មរបស់ខ្លួនបាន

0
804

ភ្នំពេញ ៖ អាជីវកម្មកាណូតទេសចរណ៍ដែលចង់បង្កើតថ្មី ឬអាជីវករចាស់ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន ត្រូវតែមានឯកសារបង់ពន្ធត្រឹមត្រូវពីស្ថាប័នគយ និងពន្ធដារ និងត្រូវមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តពីក្រសួងសាធារណការ ទើបក្រសួងទេសចរណ៍ផ្ដល់ជូនអាជ្ញាបណ្ណទេសចរណ៍ និងលិខិតវាយតម្លៃស្ដង់ដាសេវាកម្មទេសចរណ៍ ដែលមានន័យថាអនុញ្ញាតឱ្យអាជីវករប្រកបអាជីវកម្មរបស់ខ្លួនបាន។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នមួយ ដែលធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំ បានលើកឡើងថា ដើម្បីជំរុញឱ្យអ្នកប្រកបអាជីវកម្មកាណូតទេសចរណ៍ ចូលបង់ពន្ធនាំចូលយានយន្តរបស់ពួកគេ ឱ្យដូចទៅនឹងអ្នកប្រកបអាជីវកម្មដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈការអន្តរក្រសួងមួយឱ្យបានឆាប់នាពេលខាងមុខ ដើម្បីចុះដោះស្រាយបញ្ហាពន្ធ និងបញ្ហាប្រឈមមួយចំនួន។

សមាសភាពដែលនឹងចូលរួមជាមួយគណៈកម្មការអន្តរក្រសួងនេះ រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

អង្គប្រជុំបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មកាណូតទេសចរណ៍ ពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលតម្រូវឱ្យអន្តរក្រសួង-ស្ថាប័នរួមគ្នាដោះស្រាយឱ្យបាន ក្នុងនោះរួមមាន៖ កាណូតទេសចរណ៍ដែលប្រកបអាជីវកម្មគ្មានពន្ធនាំចូល និងលិខិតស្នាមត្រឹមត្រូវ។ កាណូតទេសចរណ៍ដែលប្រកបអាជីវកម្មគ្មានសៀវភៅត្រួតពិនិត្យបច្ចេកទេស ដែលចេញដោយក្រសួង ឬមន្ទីរសាធារណការ និងដឹកជញ្ជូន។ កាណូតមួយចំនួនផលិត និងដំឡើងក្នុងស្រុកគ្មានស្ដង់ដាគុណភាព។ កាណូតទេសចរណ៍មួយចំនួនមិនគោរពតាមច្បាប់ចរាចរណ៍ផ្លូវទឹក និងដឹកលើសកម្រិត ព្រមទាំងគ្មានអាជ្ញាបណ្ណ។ កំពង់ផែចំណតគ្មានគ្រប់តម្រូវការសម្រាប់កាណូតទេសចរណ៍ និងមិនគ្រប់បំពេញតាមតម្រូវការស្ដង់ដាសុវត្ថិភាព ជាហេតុធ្វើឱ្យកាណូតចតដោយគ្មានសណ្ដាប់ធ្នាប់ និងពិបាកគ្រប់គ្រង។

តាមការបញ្ជាក់ពីផ្នែកជំនាញ បច្ចុប្បន្នមានកាណូតទេសចរណ៍នៅទូទាំងប្រទេស ១២៤គ្រឿង (រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) ក្នុងនោះគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្ម ១៦គ្រឿង និងមានអាជ្ញាបណ្ណបណ្ដោះអាសន្នចំនួន ៣៥គ្រឿង ប៉ុន្តែកាណូតទេសចរណ៍ទាំងនោះ សុទ្ធតែមិនទាន់បានបង់ពន្ធនៅឡើយទេ។ អាជ្ញាបណ្ណបណ្ដោះអាសន្ន គឺផ្ដល់ឱ្យអាជីវកម្មដែលមិនទាន់មានឯកសារស្របច្បាប់គ្រប់គ្រាន់ ដោយទុករយៈពេលតែ៩០ថ្ងៃទេ តែបើនៅតែមិនទាន់មានឯកសារគ្រប់គ្រាន់ទៀត ក្រសួងមិនបន្តសុពលភាពឱ្យទៀតឡើយ។

លោក ជា បូរ៉ា បានលើកឡើងថា លើកនេះនឹងមានការឹតបន្ដឹងធ្វើយ៉ាងណាឱ្យអាជីវករទាំងនោះត្រូវតែមកបង់ពន្ធនាំចូលយានយន្តរបស់ខ្លួន ពីព្រោះកន្លងមកមានការសម្របសម្រួលទន់ភ្លន់ច្រើនលើកហើយ តែអាជីវករនៅតែមិនព្រមអនុវត្តតាមច្បាប់។ចំពោះអាជីវកម្មកាណូតទេសចរណ៍ដែលចង់បង្កើតថ្មី ឬអាជីវករចាស់ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន ត្រូវតែមានឯកសារបង់ពន្ធត្រឹមត្រូវពីស្ថាប័នគយ និងពន្ធដារ និងត្រូវមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តពីក្រសួងសាធារណការ ទើបក្រសួងទេសចរណ៍ផ្ដល់ជូនអាជ្ញាបណ្ណទេសចរណ៍ និងលិខិតវាយតម្លៃស្ដង់ដាសេវាកម្មទេសចរណ៍ ដែលមានន័យថាអនុញ្ញា​ត​ឱ្យអាជីវករប្រកបអាជីវកម្មរបស់ខ្លួនបាន៕

Facebook Comments
Loading...