ប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង និងសង្កាត់ព្រែកព្នៅ សូមរួសរាន់មកបំពេញឯកសាចុះបញ្ជីដីធ្លីឲ្យបានគ្រប់គ្នា 

0
1263

ភ្នំពេញ ៖ ក្នុងឱកាសចុះត្រួតពិនិត្យការបំពេញឯកសារ និងវាស់វែង ដីធ្លីដើម្បីចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨នេះ នៅសង្កាត់ពន្សាំង  លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដី ក្នុងសង្កាត់ពន្សាំងនិងសង្កាត់ព្រែកព្នៅ ពិសេសម្ចាស់ដីដែលមិនរស់ នៅក្នុងសង្កាត់ទាំង២ខាងលើសូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ។

លោកប្រធានការិយាល័យបញ្ជាក់ថា សម្រាប់សង្កាត់ពន្សាំង ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ ពន្សាំង តាំងពីថ្ងៃទី០៦ ខែមិនាមកម្លេះ ដោយចាប់ផ្ដើមពីភូមិឧសភាមុនគេ ។ ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬ ក្រុមវាល នឹងចុះស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់ និងមេភូមិ។ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។ ជាមួយនេះចំពោះបងប្អូនដែលទទួលបានដំណឹងនេះហើយសូមជួយផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់ដី ដែលរស់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តនានា សូមឲ្យពួកគាត់មកចុះបញ្ជីគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលា ព្រោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនេះបងប្អូនពុំមានចំណាយថវិកាអ្វីឡើយ។តែបើបងប្អូនចុះបញ្ជីដីធ្លីដោយដុំវិញ បងប្អូននឹងត្រូវចំណាយថវិកាច្រើនជាមិនខាន។

លោក ស៊ូ ស៊ីវុត្ថា  មានប្រសាសន៍ថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

Facebook Comments
Loading...