ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃកីឡាករឡុង សំណាង អ្នកប្រដាល់នៃក្លិបឡុងសាលវ័នកីឡា ជួបជាមួយកីឡាករបារាំងជូលាន និងកីឡាករថៃឌែនភិឈិត នៃការប្រកួតតាមបណ្តាខេត្ត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ។
កីឡាកររឿង សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករបារាំងជូលាន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ កីឡាករបារាំងដែលហាត់នៅប្រទេសថៃគឺពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល រីឯស្នៀតកណ្តាប់ដៃ និងកែងគេប្រើបានតែមិនខ្លាំងដូចកីឡាករកម្ពុជានោះឡើយ ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ដែលធ្វើឲ្យគូប្រកួតសន្លប់និងចុះចាញ់ជាបន្តបន្ទាប់។ កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ចាំមើលរឿង សោភ័ណ្ឌ និងកីឡាករបារាំងជូលាន នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃឌែនភិឈិត ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡុង សំណាង ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករឡុង សំណាង អាចយកឈ្នះលើកីឡាករថៃឌែនភិឈិត បានដែរឫយ៉ាងណា?៕