ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា៣រូបគឺ គឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ ខណៈកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវជួបជាមួកីឡាករថៃយ៉តធួនថង ប្រានសងហុក រីឯកីឡាករអេលិត ចំរើន អ្នកប្រដាល់មកពីក្លិបឆ្មាសរសែនសុខគុនខ្មែរ ស្វាគមន៍កីឡាករភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
រវាងកីឡាករគឹម វាសនា និងកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់ជួបគ្នាទេនាពេលកន្លងមកនៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមានកណត់ត្រាប្រកួតបែបណានោះទេ តែកីឡាករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និងជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ទោះជាយ៉ាងណា អ្នកប្រដាល់ថៃកងស្យាម ត.ភិថាក់ឆ័យ រូបនេះ មិនប្រាកដថាអាចឈ្នះ គឹម វាសនា បាននោះឡើយ ព្រោះថា គឹម វាសនា ពេលនេះគេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ បន្ទាប់ពីគេជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកនេះ។
គឹម វាសនា ឥឡូវគេជាជើងខ្លាំងរបស់កម្ពុជា ក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាមនេះ។ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសជាច្រើនលើកកន្លងមកនោះ បានធ្វើឲ្យគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃ ដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចរអាអ្វីបន្តិចឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ គឹម វាសនា និងកីឡាករថៃកងស្យាម ត.ភិថាក់ឆ័យ តើនរណាជាអ្នកឈ្នះ?។
ចំណែកកីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។ កីឡាករជើងខ្លាំង ឌុម កែវដា កន្លងមកគេជាជើងខ្លាំងមួយរូបដែលប្រកួតកម្រចាញ់គូប្រកួតណាស់ហើយបានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់ តែយ៉ាងណាពីរប្រកួតចុងក្រោយគេធ្វើមិនសូវបានល្អឡើយដោយចាញ់សន្លប់មួយលើក និងចាញ់ពិន្ទុមួយលើក។
បើទោះជាយ៉ងនេះក្តីក្នុងការប្រកួតនេះត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះគេនិងស្តារមុខមាត់របស់គេឡើងវិញ។ ចាំមើលកីឡាករឌុម កែវដា អាចយកឈ្នះលើកីឡាករថៃយ៉តធួនថង ប្រានសងហុក បានដែរឫយ៉ាងណា?។
ដោយឡែកកីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករជើងខ្លាំងវ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួតនេះត្រូវបានអ្នកវិភាគប្រដាល់អះអាងថារវាងអេលីត ចំរើន និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករអេលីត ចំរើន កីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ នរណាជាអ្នកឈ្នះ?៕