ឆ្នាំ២០១៩ នេះព្រះរាជពិធីច្រត់ព្រះនង្គ័ល និងប្រារព្វធ្វើនៅខេត្តតាកែវ

0
3464

ភ្នំពេញ ៖ ក្រសួងទេសចរណ៍មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងដល់ទេសចរជាតិ និងអន្តរជាតិមេត្តាជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ (កីឡដ្ឋានគីរីវង់សុខសែនជ័យ) ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នាឱកាសដ៏មហោឡារិកនោះ នឹងមានរៀបចំតាំងពិព័រណ៍ ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០១៩។ ព្រឹត្តិការណ៍បុណ្យប្រពៃណីនេះជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក ពិសេស ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចំការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិឲ្យបង្អុរទឹកភ្លៀងបរិបូរណ៌តាមរដូវកាល បម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងរៀបចំស្តង់ពិព័រណ៍រូបភាពដើម្បីបង្ហាញពីការរីកចរើននៃវិស័យទេសចរណ៍កម្ពុជា ដែលមានកំណើនជាលំដាប់ ក៏ដូចជាការតាំងបង្ហាញពីផលិតផលទេសចរណ៍ ពិសេស ផលិតផលកសិទេសចរណ៍ សម្រាប់ជូនទេសចរជាតិ និងអន្តរជាតិ ទស្សនា ក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ “កម្ពុ ជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ” និងចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ” ឲ្យកាន់តែទូលំទូលាយថែមទៀត។

អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិមេត្តាជ្រាប និងចូលរួមទស្សនាឲ្យបានច្រើនកុះករ៕

Facebook Comments
Loading...