ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ឡើងតតាំងនិងកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក ខណៈកីឡាករស្រករក្រោយសំ ភក្តី អ្នកប្រដាល់របស់ក្លិបរហ៉ាប់ស្វាយប៉ាក ជួបកីឡាករយុគខាវ ប៉.បូរ៉ាក់ផា ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ នាថ្ងៃសុក្រទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេនៅលើសង្វៀននេះ តែកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរកន្លងមកដែរ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធី គេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធី គេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃយ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ។ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក?។
ដោយឡែកកីឡាកេសំ ភក្តី ត្រូវជួបជាមួយកីឡាករថៃយុគខាវ ប៉.បូរ៉ាក់ផា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនាពេលកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃរូបនេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ?។ ចំណែលកីឡាករសំ ភក្តី ជាកីឡាករជើងថ្មីស្រករក្រោយដែលទើបប្រកួតបានប្រមាណជា៣០លើកប៉ុណ្ណោះ តែយ៉ាងណាគេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃតែម្តង ការវាយចេញចូលរហ័ស និងដកថយការពារខ្លួនបានល្អផងដែរគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។ ការដែលបានឡើងមកប្រកួតជាមួយកីឡាករបរទេសនេះគឺ កីឡាករសំ ភក្តី គេបានផ្តួលទាំងជើងចាស់និងជើងថ្មីជាច្រើននាក់ ហើយបានធ្វើអោយអ្នកទស្សនាកំពុងតែចាប់អារម្មណ៍ នៃទម្រង់វាយរបស់គេ។ ចាំមើលរវាងកីឡាករសំ ភក្តី និងកីឡាករថៃយុគខាវ ប៉.បូរ៉ាក់ផា នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?៕