ភ្នំពេញ ៖ ភេសជ្ជៈប៉ូវកម្លាំងគោជល់នឹងឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រភេសជ្ជៈប៉ូវកម្លាំង ដល់កីឡាករប្រដាល់គុនខ្មែរពីរជំនាន់របស់គោជល់ គឺ ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ និងកីឡាករ ពេជ្រ ម្ទេសខ្មាំង ប្រសិនបើដណ្ដើមបានជំនះពីការប្រកួត World Lethwei Championship ក្រោមប្រធានបទ Heartless Tiger នៅទីក្រុង យ៉ាងហ្គូន ប្រទេសភូមា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងសង្វៀន Thuwanna Indoor Stadium។ នេះបើតាមការបញ្ជាក់របស់លោក មាន សំអុល នាយកគ្រប់គ្រងទូទៅភេសជ្ជៈគោជល់នៅកម្ពុជា។
អ្នកប្រដាល់ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ និង កីឡាករ ពេជ្រ ម្ទេសខ្មាំង គុនខ្មែរល្បីល្បាញពីររូប របស់កម្ពុជាបានចាកចេញទៅទីក្រុងយ៉ាងហ្គូន ប្រទេសភូមានៅយប់ម៉ិញនេះ ដើម្បីធ្វើការហាត់សមមុនការប្រកួត។ កីឡាគុណខ្មែរ ទាំងពីរបានបញ្ជាក់ថា លោកត្រូវជួបជាមួយជើងខ្លាំងពីររូប ប្រចាំប្រទេសភូមាគឺ កីឡាករ Yan Naing Tun និងកីឡាករ Mite Yine។ គុណខ្មែរទាំងពីរបន្ថែមថា អ្នកទាំងពីរបានសិក្សាពីដែគូរបស់ខ្លួន គឺថាដៃគូទាំងពីរពិតជាជើងខ្លាំង និងវាយបានល្អខ្លាំងណាស់ តែអ្នកទាំងពីថានៅតែខិតខំប្រឹងប្រែង ដើម្បីយកឈ្នះគូប្រកួតអោយបានបើទោះបីដៃគូរបស់ពួកគាត់ខ្លាំងយ៉ាងណាក៏ដោយ។
លោក មាន សំអុល គូសបញ្ជាក់ថា ការឧបត្ថម្ភទឹកប្រាក់នេះគឺជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរមុនគេដែលមិនដែលមានភេសជ្ជៈប៉ូវកម្លាំងណាហ៊ានផ្ដល់ជូននៅឡើយ ហើយការផ្ដល់ជូននេះគឺក្នុងការរួមចំណែកលើក កម្ពស់អភិវឌ្ឍវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺជំរុញឲ្យអ្នកប្រដាល់គុណខ្មែរដែល ចេញទៅប្រកួតនៅលើឆាកអន្តរជាតិខិតខំអស់ពីសមត្ថភាព ដើម្បីកសាងកិត្តិយសលើឆាកអន្តរជាតិមកជូនជាតិមាតុភូមិរបស់ខ្លួន។ មិនតែប៉ុនណ្ណោះគោជល់នឹងខិតខំបន្ថែមទៀតក្នុងការស្វែងរកថវិកាជួយជ្រោមជ្រែងកីឡាក៏ផ្សេងៗទៀត ជាពិសេសកីឡាករដែលជា ទំពាំងស្នងឬស្សីរបស់គុណខ្មែរ។ ហើយនេះមិនមែនជាលើកទីមួយទេដែលគោជល់ធ្វើការឧបត្ថម្ភ ដល់កីឡាគុណខ្មែរដែលចេញទៅប្រកួតនៅក្រៅប្រទេស ហើយយើងសូមជួនពរពួកគាត់ឲ្យបានជោគជ័យមកវិញ៕