សម្តេចអគ្គមហាពញាចក្រី ហេងសំរិន និងលោកជំទាវអញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅ ខេត្តត្បូងឃ្មុំ

0
1444

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦បានចាប់ផ្តើមដំណើរការព្រមៗគ្នានៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជាចាប់ តាំងពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះប្រជា ពលរដ្ឋខ្មែរដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គជប) បានចេញទៅបោះឆ្នោតជាបន្តបន្ទាប់នៅតាមការិយាល័យបោះឆ្នោតនានានៅទូទាំងប្រទេស។សម្រាប់ការបោះឆ្នោតនេះនៅវេលាម៉ោង៧ព្រឹកសម្តេចអគ្គមហាពញាចក្រី ហេងសំរិន បេក្ខជនតំណាងរាស្រ្តខេត្តត្បូងឃ្មុំ
និងលោកជំទាវសៅទីបានអញ្ជើញទៅកាន់ការិយាល័យបោះឆ្នោតលេខ០៧៣២ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យសម្តេចចក្រីហេងសំរិនអន្លង់ជ្រៃក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។

សូមជម្រាបជូនដែរថានៅវិទ្យាល័យសម្តេចចក្រីហេងសំរិនអន្លង់ជ្រៃមានការិយាល័យបោះឆ្នោតចំនួនពីរគឺការិយាល័យលេខ ០៧៣២ និងការិយាល័យបោះឆ្នោតលេខ ០៧៣៣ ដែលទាំងពីការិយាល័យនេះមានអ្នកបោះឆ្នោតចំនួន៧៨៨នាក់។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នេះមាន អ្នកបោះឆ្នោតសរុបចំនួន ៨លាន ៣សែន ៨ម៉ឺន ២១៧នាក់ មានការិយាល័យបោះឆ្នោតចំនួន ២ម៉ឺន ២ពាន់ ៩៦៧ការិយាល័យ ហើយបានត្រៀមកញ្ចប់ថវិកាសម្រាប់ការបោះឆ្នោតមួយនេះ ប្រមាណ ៥២លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង។ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំមានអ្នកបោះឆ្នោតចំនួន៤សែន២មឺុន៧ពាន់៤០៨នាក់និងមានការិយាល័យបោះឆ្នោតចំនួន១ពាន់២៩៥ការិយាល័យ។

ខេត្តត្បូងឃ្មុំ មានអាសនៈចំនួន ៨ ក្នុងចំណោម អាសនៈរដ្ឋសភា នីតិកាលទី៦ សរុបចំនួន ១២៥អាសនៈ ហើយខេត្តត្បូងឃ្មុំមានគណបក្ស នយោបាយចូលរួមប្រកួតប្រជែងចំនួន ១៣គណបក្ស ក្នុងចំណោមគណបក្សនយោបាយចំនួន ២០ដែលបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ ដែលក្នុងនោះមាន គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
គណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សហ្វ៊ុនសិុនបិុច គណបក្សខ្មែរអភិវឌ្ឃន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សឆន្ទះខ្មែរ គណបក្សខ្មែរតែមួយនិងគណបក្សប្រជាជនកម្ពុជា។

ដោយឡែកចំពោះគណបក្សនយោបាយចំនួន៧ដែលពុំបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងខេត្តត្បូងឃ្មុំរួមមានគណបក្ស មាតុភូមិយើង គណបក្សខ្មែរក្រោក គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សធម្មាធិបតេយ្យនិងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះបានប្រព្រឹត្តទៅ ក្រោមការសង្កេតការណ៍របស់អ្នកសង្កេតការណ៍ជាតិប្រមាណជាង ៨ម៉ឺននាក់ ភ្នាក់ងារគណ បក្សជាង ៨ម៉ឺននាក់ អ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់ មកពីជាង ៥០ប្រទេស។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតនេះកងកម្លាំងសមត្ថកិច្ចរួមមាននគបាលជាតិ កងរាជអាវុធហត្ថ កងខេមរភូមិន្ទនិងប្រជាការពារសរុបចំនួន៣៤៦៦នាក់នៅក្នុងខេត្តត្បូងឃ្មុំត្រូវដាក់ពង្រាយការពារការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត៕

Facebook Comments
Loading...