សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគណៈប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

0
1386

នៅវិមានសន្តិភាព ព្រឹកថ្ងៃ សៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាចំនួន៥ក្រុម។

ប្រតិភូទាំង៥នោះរួមមាន ១)ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក Ding Winchao អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ២)ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក អាគង់ ឡាក់ហ្សូណូ Agung Laksono ជាប្រធានអង្គការ CAPDI, ៣)ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយ លោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ៤)ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយ លោក Adres Pastrana និង ៥) ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយ លោក Alexey Casilievich។

ក្នុងជំនួបនោះ សម្តេចតេជោ បានស្វាគមន៍យ៉ាងរាក់ទាក់ និងបានអរគុណប្រតិភូអន្តរជាតិទាំងអស់ ដែលបានមកចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជាថ្ងៃស្អែកទី ២៩ កក្កដា ២០១៨នេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបដល់ប្រតិភូទាំងអស់នូវអ្វីដែលកម្ពុជាចង់បាន គឺពិនិត្យតាមដាន និងរាយការពិតប្រាកដដោយគ្មានលំអៀង គឺមើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយការពិត ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពពិត នៃការបោះឆ្នោតរបស់កម្ពុជានាថ្ងៃស្អែកនេះ។

ថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលជួបអ្នកសង្កេតការណ៍បោះឆ្នោតប្រមាណជាង២០០នាក់ នៅវិមានសន្តិភាព ក្នុងនោះគឺមានតំណាងមកពីប្រទេសចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។ ចំនួនអ្នកសង្កេតការបោះឆ្នោតនៅកម្ពុជាលើកនេះគឺមានច្រើនជាងឆ្នាំណាៗទាំងអស់។

នៅក្នុងឱកាសនោះ សម្តេចតេជោ បានជម្រាបជូន ប្រតិភូអ្នកសង្កេតការណ៍ទាំងអស់អំពីដំណើរការការបោះឆ្នោតនៅកម្ពុជា ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានចែងច្បាស់ថា កម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តង ហើយកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញនេះ គឺមិនដូចទៅនឹងការបោះឆ្នោត នៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី រំលាយសភា ជ្រើសរើសថ្ងៃបោះឆ្នោតមុនកំណត់កាលទៅតាមចិត្តបានឡើយ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបប្រតិភូទាំងអស់ពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ដែលចាប់ផ្តើមកាលពីឆ្នាំ១៩៩៣ , ១៩៩៨ , ២០០៣, ២០០៨ និងឆ្នាំ២០១៣កន្លងមក ហើយការបោះឆ្នោតនាឆ្នាំ២០១៨ គឺយុទ្ធនាការបោះឆ្នោត រយៈពេល២១ថ្ងៃ ដែលបានដំណើរការទៅយ៉ាងរលូន និងគ្មានអំពើហឹង្សាអ្វីកើតឡើងឡើយ ដែលនេះបង្ហាញពីការរីកចម្រើនលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោ ក៏បានជម្រាបជូនគណៈប្រតិភូទាំងមូលផងដែរអំពីដំណើរការវិវឌ្ឍរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ និងក្រោមរដ្ឋាភិបាលតែមួយ។ សម្តេចតេជោ ក៏បានជម្រាបជូនផងដែរកាលពីឆ្នាំ ១៩៩៨ គឺជាពេលវេលាមួយដែលកម្ពុជាបានរួបរួមស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ គឺនៅពេលដែលទ័ពខ្មែរក្រហមទាំងអស់បានមកចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ដែលចាប់ពីពេលនោះមក គឺកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ហើយបានរៀបចំបោះឆ្នោតដោយខ្លួនឯងបានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

បន្ទាប់ពីបានស្តាប់នូវដំណើរការវិវត្តពីស្ថានភាពទាំងឡាយរបស់កម្ពុជាពីអតីតកាលកន្លងមកក៏ដូចជាប្រវត្តិនៃការបោះឆ្នោតរបស់កម្ពុជាកន្លងមក អង្គការ CAPDI បានជម្រាបជូនសម្ដេចនិងប្រតិភូទាំងនោះថាកម្ពុជាគឺជាប្រទេសមួយដែលចាប់ផ្ដើមពីរដ្ឋបរាជ័យមួយរហូតមកដល់ពេលនេះក្លាយជាប្រទេសមួយដែលទទួលបានជោគជ័យដែលបានកាត់បន្ថយភាពក្រីក្រមានសុខសន្តិភាព និងការអភិវឌ្ឍលឿនទៅមុខ។

ដោយឡែកអង្គការ ICAPP ដែលតំណាងអោយប្រទេស ៥០ ដែលមានគណបក្សនយោបាយចំនួន ៣៥០ ដែលធ្លាប់បានធ្វើការសង្កេតការណ៍ដំណើរការបោះឆ្នោតជាច្រើនដងច្រើនកន្លែងនិងច្រើនប្រទេសរួចមកហើយ គឺមានសុទិដ្ឋិនិយមបន្ទាប់ពីបានឃើញក្បួនដង្ហែររបស់គណបក្សនយោបាយជាច្រើន នៅក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា កាលពីម្សិលមិញដោយឃើញទឹកមុខប្រជាជនកម្ពុជាមានភាពស្រស់ស្រាយ សប្បាយរីករាយ ដែលនោះហើយគឺជាការ ឆ្លុះបញ្ចាំងនូវដំណើរការយុទ្ធនាការបោះឆ្នោតមួយដែលនឹងប្រព្រឹត្តិទៅបានដោយជោគជ័យ។

ដោយឡែកសមាជិកសភាសហរដ្ឋអាមេរិកមួយរូបក្នុងនាមជាប្រជាជនអាមេរិកបានមានប្រសាសន៍ថាលោកបានមកកាន់កម្ពុជារហូតមកដល់ពេលនេះឃើញកម្ពុជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំងលោកសូមសំដែងនូវការអបអរសាទរចំពោះសុខសន្តិភាពស្ថេរភាពដែលកម្ពុជាទទួលបានមកទល់សព្វថ្ងៃ។ លោកក៏បានបង្ហាញនូវការរំពឹងនឹងសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនឹងកាន់តែល្អប្រសើរឡើង។
រីឯគណៈប្រតិភូសង្កេតការណ៍មកពីប្រទេសឥណ្ឌាក៏បានមានប្រសាសន៍ស្របគ្នាទៅនឹងតំណាងអង្គការ ICAPP ផងដែរថាកាលពីម្សិលមិញនេះលោកបានឃើញការដង្ហែក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញលោកបានឃើញ បានជួបនឹងបានស្តាប់ពីអ្នកចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាកន្លងមក គឺលោកសង្កេតឃើញថាយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាពិតជាមានភាពរលូន។ លោកក៏បានបង្ហាញផងដែរពីការប្តេជ្ញាចិត្តថានឹងបន្តចូលរួមសង្កេតការណ៍តទៅទៀតនៅថ្ងៃបោះឆ្នោតស្អែកនេះដើម្បីតាមដានស្ថានភាពពិតអំពីដំណើរការបោះឆ្នោតនៅកម្ពុជា។

នៅក្នុងជំនួបរួមរវាងអ្នកសង្កេតការណ៍បោះឆ្នោត ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកាលពីព្រឹកមិញនេះ គឺបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំពោះប្រតិភូទាំងអស់ ក្នងការចុះសង្កេតការបោះឆ្នោតនៅទូទាំងប្រទេស ដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ដែលជាបំណងប្រាថ្នារបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ផងដែរថា កម្ពុជាមិនមែននៅក្រោមអាណានិគមបរទេសណាទេ គឺកម្ពុជាមានឯករាជភាព និងបូរណភាពទឹកដី ហើយត្រូវតែរៀបចំការបោះឆ្នោតអោយបានទៅតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស និងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Facebook Comments
Loading...