សកម្មភាពគណបក្សនយោបាយនានា ក្នុងសប្តាហ៍ទីពីរ នៃការឃោសនាបោះឆ្នោត

0
1268

ភ្នំពេញ – ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១៧ លើ ២០ បានធ្វើសកម្មភាព លើកលែងតែគណបក្សពន្លឺថ្មី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរក្រោក គ្មានសកម្មភាព ។

គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពគ្រប់រាជធានី ខេត្ត តាមរូបភាព ជួបជុំតាមស្នាក់ការគណបក្ស តាមទីកន្លែងប្រមូលផ្តុំ ប្រគុំតន្ត្រី ចាក់មេក្រូតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចុះចែកខិត្តប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ រំលឹកពីការប្រើប្រាស់ឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោត បានជំរុញសមាជិកបក្សដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ចាក់បញ្ចាំងស្ប៉តគោលនយោបាយ និងសមិទ្ធផលរបស់គណបក្ស និងជួបសំណេះសំណាលជាមួយសមាជិកបក្សនៅតាមឃុំ សង្កាត់ ។ នៅរាជធានីភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ មានការហែក្បួនទ្រង់ទ្រាយធំ នៅថ្ងៃទី ២២/៧/២០១៨ ។

គណបក្សផ្សេងៗដែលបានធ្វើការហែក្បួនគួបជាមួយការចុះចែកខិត្តប័ណ្ណ ចាក់មេក្រូចល័ត និងតាមស្នាក់ការចាក់ស្លាយ មាន ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច សញ្ជាតិកម្ពុជា សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាធិបតេយ្យ មាតុភូមិយើង ខ្មែររួបរួមជាតិ យុវជនកម្ពុជា ប្រជាធិបតេយ្យមូលដ្ឋាន ខ្មែរសាធារណៈ ឆន្ទៈខ្មែរ និងគណបក្សខ្មែរតែមួយ នៅរាជធានីភ្នំពេញ ខេត្តមួយចំនួនដែលគណបក្សបានចុះបញ្ជីបេក្ខជន ។

ក្រៅពីនេះ គណបក្សខ្មែរឈប់ក្រ ជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សធម្មាធិបតេយ្យ ធ្វើសកម្មភាពដើរចែកខិត្តប័ណ្ណ ចាក់មេក្រូចល័ត លើកស្លាកគណបក្ស និងចាក់ស្លាយវីដេអូតាមកន្លែងទីប្រជុំជន និងនៅតាមទីស្នាក់ការគណបក្ស ។

អំពីបាតុភាពផ្សេងៗ ខេត្តកណ្តាល ៖ ថ្ងៃទី ២០/៧/២០១៨ ប្រជាពលរដ្ឋម្នាក់ នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល បាននិយាយវាយប្រហារ គណៈពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាថា ៖ ចែកប្រាក់ និងថ្នាំពេទ្យមានប្រយោជន៍អ្វី បើឈឺទៅពេទ្យដដែល និងបាននិយាយថា ទឹកខ្មៅជ្រលក់ម្រាមដៃ ពេលជ្រលក់ទៅរលួយម្រាមដៃ ។ ករណីនេះ អាជ្ញាធរឃុំ បានហៅមកធ្វើកាអប់រំ និងធ្វើកិច្ចសន្យារួចហើយ ។

ខេត្តបាត់ដំបង ៖ ថ្ងៃទី ២០/៧/២០១៨ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពរារាំង និងញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ក្នុងយុទ្ធនាការម្រាមដៃស្អាត ។ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២២/៧/២០១៨ នេះ មានបណ្តឹងសរុបមាន ២០បណ្តឹង គឃ.សប បានដោះស្រាយ រួច ១១ករណី ដើមបណ្តឹងដកពាក្យបណ្តឹង ១បណ្តឹង និងកំពុងដោះស្រាយ ៤ករណី ផ្សះផ្សារមិនសះជា ៣បណ្តឹង ក្នុងនោះ១បណ្តឹង បានប្តឹងនៅគណៈកម្មការខេត្តកណ្តាលរៀបចំការបោះឆ្នោត។

តាមការវាយតម្លៃជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២/៧/២០១៨ ប្រព្រឹត្តទៅល្អប្រសើរ គ្មានអំពើហិង្សា គ្មានការប្រឈមដាក់គ្នា នៅទូទាំងប្រទេស ។

តាមការសន្និដ្ឋាន គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានប្រៀបខ្លាំង និងមានប្រជាពលរដ្ឋចូលរួមគាំទ្រច្រើនកុះករ បន្ទាប់មកគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហ៊្វុនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា ។

Facebook Comments
Loading...