ប្ដីដែលកាប់ប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខេត្ដបាត់ដំបង

0
1463

(ភ្នំពេញ)៖ បុសម្នាក់ដែលកាប់ជាច្រើនកាំបិតផ្គាក់ ព្រោះភ្លើងប្រច័ណ្ឌ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ស្ទើរស្លាប់ រួចបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១៖២០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅកន្លែងដែលជននេះលាក់ខ្លួន ស្ថិតក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រតិបត្តិការតាមប្រមាញ់ជនដៃដល់រូបនេះ ធ្វើឡើងក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យខាងលើនោះ ឈ្មោះ ហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានកាប់របស់ខ្លួនប្រពន្ធឈ្មោះ ត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោកអធិការ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដោយបុរសជាប្ដីបានប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ជាមួយប្រុសផ្សេង ហើយបានតាមរករឿងនាងជាប្រពន្ធ ជាបន្តបន្ទាប់។ ដោយនៅមុនពេលកើតហេតុ ល្ងាចថ្ងៃទី០៧ ខែកក្កដា បុរសជាប្ដីបានចោទថា នាងក្បត់ចិត្តទៅមានប្រុសថ្មី ហើយពេលនោះនាងបានបដិសេធថា អត់មានទេ ស្រាប់តែប្ដីបានយកដែកឆាបចុងស្រួច គម្រាមចាក់សម្លាប់នាង ប៉ុន្តែមិនហ៊ានរួចក៏បានស្ងប់ស្ងាត់ទៅវិញ។

លោក យឹម សារ៉ាន់ បានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ប្ដីបានរករឿងដោយចោទនាងថា មានប្រុសថ្មីបន្តទៀត ចំណែកនាងដែលមិនបានក្បត់ចិត្តប្ដីផង ត្រូវទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះ ក៏បានប្រកែកថា អត់ដដែល។ ខណៈនោះប្ដីនៅតែមិនជឿ ហើយក៏បានរួចក៏បានទាញកាំបិតផ្គាក់ កាប់រូបនាងជាច្រើនកាំបិតប៉ងសម្លាប់រួចគេចខ្លួនបាត់តែម្ដង។ បន្ទាប់មកស្រ្តីរងគ្រោះត្រូវបានអ្នកជិតខាងយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់៕

Facebook Comments
Loading...