ក្នុងសន្និសីទកាសែតព្រឹកមិញ តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិយាយបញ្ហាអ្វីខ្លះ?

0
1176

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃមកពីប្រទេសឥណ្ឌា បានបញ្ជាក់ឲ្យឃើញថា ទឹកខ្មៅជ្រលក់ដៃដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អ គឺដូចទឹកខ្មៅដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤ផងដែរ ។

តំណាងគណបក្សនយោបាយតំណាងអង្គការសង្គមស៊ីវិល ក៏បានជឿជាក់ចំពោះគុណភាពទឹកថ្នាំជ្រលក់ដៃនេះដែរ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត កុំមានការព្រួយបារម្ភចំពោះគុណភាព និងផលប៉ះពាល់របស់ទឹកថ្នាំជ្រលក់ដៃនេះឲ្យសោះ។

សូមបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះមានចំនួន ៥១.០០០ដប ក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។ គ.ជ.ប បានចំណាយប្រមាណ ៨ម៉ឺនដុល្លារអាមេរិក ដើម្បីទិញទឹកថ្នាំជ្រលក់ដៃទាំងនេះពីប្រទេសឥណ្ឌា ។

លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា គ.ជ.ប បានដាក់បណ្តឹងទៅកាន់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើអ្នកទូរស័ព្ទ ដែលបានប្រើពាក្យអសុរស និងប្រមាថលើស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប និងលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយណាដែលប្រឆាំង និងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត គឺជាទង្វើខុសច្បាប់។ លោក ទេព នីថា បានបញ្ជាក់ថា ជាទូទៅ គ.ជ.ប ត្រូវការពារផលប្រយោជន៍ ពីការបោះឆ្នោត ការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការពារលទ្ធប្រជាធិបតេយ្យ ក្នុងករណីណាមួយដែលល្មើសច្បាប់ គ.ជ.ប ដែលមានសមត្ថកិច្ចលើចមណាត់ការនេះ នឹងចាត់ការតាមផ្លូវច្បាប់ផងដែរ។

លោក ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅថ្ងៃទី១៧ ខែកក្កដានោះដែរថា នៅថ្ងៃបោះឆ្នោតខាងមុខ ភ្នាក់ងារសន្តិសុខ៣នាក់ ដែលការពារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងឱ្យបានត្រឹមត្រូវ និងត្រូវពាក់ប្រឡង់ដៃសន្តិសុខរបស់ គ.ជ.ប រហូតដល់ចប់ភារកិច្ច។ ភ្នាក់ងារសន្តិសុខបោះឆ្នោតមានភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ កុំឱ្យមានការរំខាន ការអុកឡុក ការបំភិតបំភ័យ និងការគំរាមកំហែង ឬហេតុការណ៍ផ្សេងៗដែលអាចកើតឡើងបាន ហើយត្រូវហាមឃាត់ជនដែលយកអាវុធជាតិផ្ទុះ និងវត្ថុដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗចូលក្នុងបរិវេណខាងក្រៅ និងបរិវេណខាងក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

ភ្នាក់ងារសន្តិសុខម្នាក់ ត្រូវចល័តការពារបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលមានចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីការិយាល័យនោះ ដោយមិនចាំបាច់ប្រើប្រាស់អាវុធ។ រីឯភ្នាក់ងារសន្តិសុខចំនួន២នាក់ទៀត ត្រូវចល័តជុំវិញបរិវេណការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងចម្ងាយពី១០០ម៉ែត្រ ឬស្ថិតក្នុងស្ថានភាពជាក់ស្ដែង នៃបរិវេណខាងក្រៅនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ អាចប្រើប្រាស់អាវុធវែង១ដើម ដែលមានគ្រាប់យ៉ាងច្រើន៣០គ្រាប់។

ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រមូលផ្តុំកម្លាំងយាមនៅទីកន្លែងរក្សាទុក ឬការពារការដឹកជញ្ជូនសម្ភារបោះឆ្នោតពីគោលដៅមួយទៅគោលដៅមួយ តាមការកំណត់របស់ គ.ជ.ប ឬ/និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ៕

Facebook Comments
Loading...