អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន កាលពីថ្ងៃទី១៣កក្កដា ឆ្នាំ២០១៨ បានជំរុញឱ្យទូរទស្សន៍ Aljazeera ដាក់ភស្តុតាងបន្ថែមទៅកាន់សមត្ថកិច្ច ដើម្បីបើកការស៊ើបអង្កេតលើករណី លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ការលើកឡើងរបស់មន្រ្តីខាងលើនេះ គឺបន្ទាប់ពីទូរទស្សន៍បរទេស Aljazeera បានរាយការណ៍កាលពីថ្ងៃទី១២ ខែកក្កដាថា លោក គង់ វិបុល មានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ក្នុងតម្លៃរាប់លានដុល្លារ បើទោះបីជាលោក គង់ វិបុល មានប្រាក់ខែ ត្រឹមតែប្រមាណ១ពាន់ដុល្លារក៏ដោយ។
ទូរទស្សន៍បរទេស Aljazeera បានរកឃើញថាក្រុមហ៊ុនរបស់ លោក គង់ វិបុល ក្នុងប្រទេសអូស្ត្រាលី ដែលដាក់ឈ្មោះថា ផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY) បានបង្កើតឡើងកាលពីឆ្នាំ២០១១ កំពុងរំលោភច្បាប់ពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដោយសារតែម្ចាស់ក្រុមហ៊ុននេះ មិនបានរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលីតាមច្បាប់កំណត់។
ប៉ុន្តែលោក គង់ វិបុល បានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ Aljazeera ជាភាសាអង់គ្លេស ដោយបដិសេធថា លោកមិនមានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនណាមួយដែលមានតម្លៃរាប់លានដុល្លារនេះឡើយ៖ «ខ្ញុំបានផ្ទេរក្រុមហ៊ុននេះទៅឲ្យមនុស្សផ្សេងទៀតអស់ទៅហើយ ប្រហែលឯកសារដែលអ្នកបានទទួលនោះ មិនបានធ្វើបច្ចុប្បន្នភាព ឬការកែតម្រូវនោះឡើយ។ ក្រុមហ៊ុននេះខ្ញុំបានបិទជាយូរមកហើយ ហើយខ្ញុំក៏គ្មានអ្វីជាប់ពាក់ព័ន្ធនៅក្នុងប្រទេសអូស្ត្រាលីនោះដែរ»៕
ប្រភព ៖ ខ្លីៗ