សិស្សពូកែ និងក្រីក្រនៅភូមិធម្មជាតិរុនតាឯកទទួលបានកង់ពីអាជ្ញាធរជាតិអប្សរា

0
968

សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំ បានទទួលអំណោយជាកង់ចំនួន១០គ្រឿងពីអាជ្ញាធរជាតិអប្សរា។ ក្នុងចំណោមសិស្សទាំងនោះជាសិស្សពូកែ និងខ្លះជាសិស្សក្រីក្រដែលត្រូវបន្ដថ្នាក់វិទ្យាល័យនៅឆ្នាំក្រោយ។

កម្មវិធីចែកកង់ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតនៅភូមិធម្មជាតិរុនតាឯក ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ តំណាងអគ្គនាយកឯកឧត្តម ស៊ុ ម៉ាប់ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ នៃអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងកម្មវិធីខាងលើ លោក ភ័ន ផល្លា បានឱ្យដឹងថាកម្មវិធីចែកកង់នេះជាផ្នែកមួយនៃកម្មវិធីសងទៅសង្គម ដែលត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំដោយនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ សហការជាមួយអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ។ លោកបន្ថែមថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីធានាឱ្យកម្មវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដែលទទួលបាននូវវិញ្ញាបនបត្រ ISO 14001 ជាបន្តបន្ទាប់ទៀត និងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សអំពីតួនាទី និងភារកិច្ចចម្បងរបស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ បានលើកឡើងថា កម្មវិធីសងទៅសង្គម ពិតជាមានសារសំខាន់ណាស់ ហើយគោលបំណងនៃកម្មវិធីនេះ គឺធ្វើសកម្មភាពទាក់ទងនឹងបរិស្ថាន ដូចជារើងសំរាម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ អប់រំអ្នកឯទៀតឱ្យយល់ពីការទុកដាក់សំរាម រួមនិងការដាំដើមឈើជាដើម។ ឯកឧត្តមបន្ថែមថា កុមារពិតជាមានឥទ្ធិពលណាស់សម្រាប់ការចូលរួមក្នុងកម្មវិធីបរិស្ថាន គឺពួកគេជាអ្នកនាំសារអប់រំទាក់ទងនឹងបរិស្ថានទៅដល់ក្រុមគ្រួសាររបស់ពួកគេបានដ៏មានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានថ្លែងពីការងារចូលរួមក្នុងការងារសម្អាតបរិស្ថាននាពេលកន្លងមកផងដែរ។ តួយ៉ាង ភូមិធម្មជាតិរុនតាឯកដែលជាភូមិគំរូទទួលបានវិញ្ញាបនបត្រចំនួនពីរទាក់ទងនឹងបរិស្ថាន ទីមួយពានរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៥-២០១៧ និងទីពីរ ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៥-២០១៧។

ក្នុងពិធីដែលមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៥០នាក់នោះដែរ ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានមានប្រសាសន៍អប់រំសិស្សានុសិស្សអំពីការប្រើប្រាស់ថង់ប្លាស្ទិក និងផលវិបាករបស់វាផងដែរ។ ឯកឧត្តមលើកឡើងថា ថង់ប្លាស្ទិក ជាផ្នែកមួយនៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយវាបានបង្កជាជំងឺផ្សេងៗដល់មនុស្សដោយមិនដឹងខ្លួន។

គួរបញ្ជាក់ថា ក្រោយពីកម្មវិធីប្រគល់កង់ដល់សិស្សានុសិស្សហើយនោះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមដាំកូនឈើនៅបរិវេណបឹងជាលា ដែលជានិមិត្តរូបនៃរូបធម្មជាតិរុនតាឯកផងដែរ៕

Facebook Comments
Loading...