សៅ សុខា ជំនួស​តំណែង ប៉ុល សារឿន , ហ៊ុន ម៉ា​ណែ​ត ជំនួស គន់ គីម និង​មាស សុភា​ 

0
1148

ភ្នំពេញ – លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ឋានៈ​ជា​អគ្គ​មេបញ្ជាការរង​ផង​នោះ ត្រូវបានតែងតាំង​ឲ្យ​ឡើង​ទៅជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ ជំនួស​លោក ប៉ុល សារឿន។

ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយសេនាធិការ​ចម្រុះ​ស្តីទី ជំនួស​លោក គន់ គីម និង​ធ្វើជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​។ ក្នុងពេល​តែមួយ​នេះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ដំឡើង​ឲ្យ​ក្លាយទៅជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​តែម្តង ព្រោះ​តំណែង​របស់លោក គន់ គីម ដែល​លោក​ត្រូវ​ជំនួស គឺមាន​ឋានៈ​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​តំណែង​ទាំងបី​ខាងលើ ដែល​ទើបនឹង​ទទួលបាន គឺ​បន្ថែម​លើ​តំណែង​ទាំង​បួន ដែល​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​តែមាន​។ បច្ចុប្បន្ន លោក ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។

​ការដែល​លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​តំណែង​ជំនួស​មេទ័ព​កំពូល​ទាំងបី គឺ​ដោយសារតែ​ពួកគាត់​ទាំងបី ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ក្នុង​នីតិកាល​ទី​៦​នេះ​។ ការផ្ទេរ​តំណែង​និង​ភារកិច្ច​នេះ គឺធ្វើឡើង​តាមរយៈ «​ប្រកាស​» ដែល​ចេញ​ដោយ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (រូបភាពហ្វេសប៊ុក)
លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ
លោក មាស សុភា មេបញ្ជាការកងទ័ពជើងគោក
Facebook Comments
Loading...