អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័ន JQA

0
5043

អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័ន JQA (Japan Quality Assurance) ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO ផ្នែកបរិស្ថាន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដា ដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។

នៅព្រឹកថ្ងៃទី២២ ឧសភា នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ អនុលោមតាមស្ដង់ដាអន្ដរជាតិ ISO 14001:2015»។ សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ផ្សព្វផ្សាយផែនការ និងការអនុវត្តការងារបរិស្ថាននាយកដ្ឋាននីមួយៗ និងស្វែងយល់ពីដំណោះស្រាយរួម ប្រសិទ្ធិភាពការងារ និងការកែលម្អប្រព័ន្ធ។

មានមតិសំណេះសំណាល និងបើកសិក្ខាសាលាខាងលើ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានឱ្យដឹង កាលពីថ្ងៃទី២០ ឧសភា ស្ថាប័ន JQA ទើបនឹងផ្តល់នូវវិញ្ញាបនបត្រថ្មីដល់អង្គភាព EMS។ ឯកឧត្តមបន្ថែមថា វិញ្ញាបនបត្រនេះ គឺជាកម្រិតស្ដង់ដាវាយតម្លៃផ្នែកបរិស្ថាន ISO 14001:2015 ដែលខុសពីរាល់ដង ដែលជាកម្រិតស្ដង់ ISO 14001:2004 ។ ឯកឧត្តមពន្យល់ថា៖« វិញ្ញាបនបត្រថ្មីនេះ គឺដូចគ្នាទេ។ នៅចុងខែមួយ ដើមខែពីរកន្លងទៅ ក្រុមសវនករបានចុះមកធ្វើសវនកម្មដើម្បីយកខ្លឹមសារទៅស្ថាប័ន JQA ហើយគេទើបនឹងសម្រេចផ្តល់ស្ដង់ដាថ្មីមកយើងកាលពី២ថ្ងៃមុននេះ។ ខ្ញុំគិតថា ប្រហែលនេះជាកម្រិតស្ដង់ដាថ្មីដែលអង្គភាពយើងបានប្រើប្រាស់មុនគេក៏ថាបាន ព្រោះមិនធ្លាប់ឃើញក្រុមហ៊ុន អង្គភាពណាប្រើប្រាស់វានៅឡើយ ឃើញតែត្រឹមស្ដង់ដា ISO 14001:2004 ដែលជាកម្រិតស្ដង់ដាចាស់»។

ក្រៅពីមានមោទនភាពចំពោះលទ្ធផលខាងលើនេះហើយ ឯកឧត្តម សុខ លក្ខិណា ក៏បានក្រើនរម្លឹកដល់មន្រ្តី និងបុគ្គលិកតាមនាយកដ្ឋានពាក់ព័ន្ធដែលបានចូលរួមក្នុងសិក្ខសាលាខាងលើ ត្រូវយកចិត្តទុកដាក់បន្ថែម និងប្រឹងប្រែងរក្សានិរន្តរភាពចំពោះអ្វីដែលស្ថាប័នអន្ដរជាតិ JQA បានផ្តល់ឱ្យនេះ។

គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរជាតិអប្សរាទទួលវិញ្ញាបនបត្រស្ដង់ដា ISO។ ក្នុងនោះ លើកទី១ ឆ្នាំ២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមានស្ថាប័នជប៉ុនទាំង៤ មាន JQA, Sophia, ISRI, JQAI នៅបន្តជួយជាបច្ចេកទេសដើម្បីជំរុញការងារប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះឱ្យដំណើរការជាប្រក្រតី។ លើកទី២ ឆ្នាំ២០០៩ លើកទី៣ឆ្នាំ២០១២ ទី៤ ឆ្នាំ២០១៥ ទទួលបានវិញ្ញាបនបត្រ ISO 14001 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA និងទី៥ ឆ្នាំ២០១៨ វិញ្ញាបនបត្រ ISO 14001:2015 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA៕

Facebook Comments
Loading...