ភូមិធម្មជាតិរុនតាឯកទទួលបានការឧបត្ថម្ភអគារសិក្សាមួយខ្នងពីអង្គការ ARK Beautiful Earth for Children

0
53655

ភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងទទួលបានការឧបត្ថម្ភអាគារសិក្សាមួយខ្នងស្មើ៥បន្ទប់ពីអង្គការ ARK BeaBeautiful Earth for Children។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ពិធីបញ្ចុះបឋមសិលាបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ស៊ុម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី សាន ណារី តំណាងអង្គការ ARK Beautiful Earth for Children របស់ប្រទេសជប៉ុន។

លោក ភាន់ ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ ទទួលបន្ទុកជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានឱ្យដឹងថា អគារសិក្សាមួយខ្នងនេះជាសមិទ្ធផលថ្មីមួយរបស់គម្រោងភូមិធម្មជាតិរុនតាឯក ដែលបានទទួលការឧបត្ថម្ភពីអង្គការ ARK Beautiful Earth for Children របស់ប្រទេសជប៉ុន។ គម្រោងនេះនឹងចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មាន៥បន្ទប់ ចែកជាទីចាត់ការ១បន្ទប់ ថ្នាក់រៀន៤បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាសិក្សានិងការិយាល័យគ្រប់បន្ទប់។

លោក ផល្លា បានបញ្ជាក់ថា បច្ចុប្បន្នសាលារៀននៅភូមិធម្មជាតិរុនតាឯកមានត្រឹមដល់ថ្នាក់ទី៥ប៉ុណ្ណោះ តែនៅពេលមានអគារសិក្សាថ្មីនោះសិស្សនឹងអាចសិក្សាពីថ្នាក់ទី៦ដល់ទី៨ នៅទីនេះបាន ដោយមិនបាច់ធ្វើដំណើរឆ្ងាយទៅក្រៅភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើរ សុវត្ថិភាព និងការសិក្សារបស់កុមារនៅតំបន់នេះ។

ក្នុងនាមតំណាងម្ចាស់ជំនួយ លោកស្រី សាន ណារី មានប្រសាសន៍ថា អង្គការ ARK Beautiful Earth for Children មានមូលនិធិសម្រាប់ជួយសាងសង់សាលារៀនទូទាំងពិភពលោក។ ចំណែកនៅប្រទេសកម្ពុជា អង្គការនេះបានជួយសាងសង់សាលាបានប្រមាណជាង២០ខ្នងរួចមកហើយនៅតាមតំបន់ឆ្ងាយៗពីការអភិវឌ្ឍ រួមមាននៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងចុងក្រោយនៅខេត្តសៀមរាបគឺភូមិធម្មជាតិរុនតាឯក។

លោកស្រីបានបន្តថា មានតែការអប់រំទេ ដែលធ្វើឱ្យមនុស្សមានការចេះដឹង ប្រទេសជាតិរីកចម្រើន ទើបអង្គការ ARK Beautiful Earth for Children ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដោយប្រមូលថវិកាពីសម្បុរជនជប៉ុនជួយសាងសង់សាលារៀនឱ្យបានច្រើនតាមលទ្ធភាព ព្រោះប្រទេសយើងនៅខ្វះសាលាច្រើន។ ដោយឡែក គម្រោងសាងសង់អាគារសិក្សានៅភូមិធម្មជាតិរុនតាឯកជាគម្រោងចុងក្រោយសំរាប់អង្គការ ARK Beautiful Earth for Children តែមិនមានន័យថាអង្គការនឹងបញ្ឈប់ការជួយនៅកម្ពុជាទេ គឺយើងកំពុងពិចារណាថា តើនឹងមានគម្រោងអ្វីបន្ថែមសម្រាប់ជួយអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនិងតំបន់ដទៃទៀតឱ្យកាន់តែប្រសើរឡើង៕

Facebook Comments
Loading...