សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

0
19090

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ជប៉ុន។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពចំពោះសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជា-ជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដើម្បី ស្ថាបនានិងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ។

គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ គឺកើតឡើងក្នុងទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលកន្លងមកតែងតែផ្តល់នូវជំនួយដល់កម្ពុជាលើការសាងសង់ផ្លូវ ស្ពាន និងវិស័យផ្សេងៗទៀត។ ប្រទេសជប៉ុននឹងជួយកសាងលើកំណាត់ផ្លូវជាតិលេខ៥នេះជាដំណាក់កាលៗចាប់ពីទីក្រុងភ្នំពេញរហូតដល់ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។ ផ្លូវជាតិលេខ៥នេះពិតមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិសាត់, បាត់ដំបង និងបន្ទាយមានជ័យ (ប៉ោយប៉ែត) ជាពិសេស គឺនឹងបានរួមចំណែកក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មអោយកាន់តែរីកចម្រើនដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលពីអតីតកាលកម្ពុជាបានឆ្លង កាត់សង្គ្រាមរាំរ៉ៃរាប់ទាំងរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានកាប់សំលាប់មនុស្ស និងបំផ្លាយហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង។ សម្តេចតេជោ បានមានប្រសាសន៍ថានៅថ្ងៃទី ២០ ឧសភា ដែលកម្ពុជាចាត់ទុកជាថ្ងៃទិវាជាតិនៃការចង់ចាំដែលធ្វើឡើងកាលពីម្សិលមិញនេះគឺជាថ្ងៃមួយដែល ប៉ុលពតប្រកាសនូវភាពជោគជ័យរបស់ខ្លួនក្នុងការធ្វើបដិវត្តនិងធ្វើទុក្ខបុកម្នេញឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតរាប់លាននាក់។ ដោយស្មារតី ៧មករា បានធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីសេចក្តីស្លាប់ និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដល់សព្វថ្ងៃនេះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយនានាក្នុងការចុះឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខត្រូវផ្តល់ឱកាសឲ្យបក្សនយោបាយទាំងអស់នោះបានធ្វើសម្មភាពភាពនយោបាយ ដូចជាការចុះជួបសកម្មជនរបស់ខ្លួនជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះក្នុងតំលៃណាក៏ដោយ ព្រោះថាបើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះពលរដ្ឋនិងរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស កម្ពុជា ក្នុងនោះរួមទាំងជំនួយស្ពានមិត្តភាពកម្ពុជាអ្នកលឿង (ហ្សឺបាសា) និង ស្ពានគីហ្សូណាកំពង់ចាម ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ រីឯផ្លូវជាតិលេខ៥នេះជាជំនួយហិញ្ញប្បទានសម្បទានរបស់មិត្តជប៉ុន ដែលកម្ពុជាសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយបន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ៥ មានប្រវែង ១៣៥.២៤គីឡូម៉ែត្រចាប់ពីពេលនេះទៅ៕

Facebook Comments
Loading...