ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨នេះ មន្ទីរកសិកម្មខេត្ត បានផ្តល់ពូជស្រូវក្រអូបជិត ១០០តោន ដល់ប្រជាកសិករក្នុងសហគមន៍កសិកម្មនាងទាវ ក្នុងគម្រោងស្បៀងរបស់រដ្ឋាភិបាល ដេីម្បីជួយដោះស្រាយបំពេញសេចក្តីត្រូវការពូជស្រូវក្រអូប ដល់ប្រជាកសិករភូមិជាងសារ ឃុំជីគរ នៃសហគមន៍កសិកម្មនាងទាវ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា ប្រជាកសិករ ចំនួន ១១៣គ្រួសារ នឹងទទួលបានពូជស្រូវសុទ្ធល្អពីគម្រោងជំរុញផលិតកម្ម ដោយមួយហិកតា កសិករនឹងទទួលបានពូជស្រូវក្រអូប ១៥០គីឡូក្រាម ។ ក្នុងបំណងជួយដោះស្រាយការលំបាករបស់ប្រជាកសិករលេីការចំណាយប្រាក់ទិញពូជនេះ គម្រោងតម្រូវឱ្យប្រជាកសិករដែលទទួលបានពូជនេះចំណាយតែ ១ ០០០រៀល/ គ.ក្រប៉ុណ្ណោះ ក្នុងពេលដែលស្រូវពូជនេះ រដ្ឋបានទិញពីសហគមន៍ក្នុងតម្លៃរហូតដល់ ៣ ០០០រៀក/គ.ក្រ បានន័យថា រដ្ឋជួយចេញថ្លៃពូជស្រូវ ២ ០០០រៀល/គ.ក្រ ។
នៅឆ្នាំ ២០១៨ នេះ គម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នឹងពង្រឹកទំហំផលិតកម្មស្រូវពូជ ចំនួន ៩៦គ្រួសារ លេីផ្ទៃដី ៥៧ហិកតា និងផលិតស្រូវចំណី ជាង១០០គ្រួសារ លេីផ្ទៃដីជាង ១ ៦៦០ហិកតា បន្ថែមទៀត ហេីយពូជដែលត្រូវប្រេីប្រាស់ មានពូជ សែនក្រអូប (ស្រូវរយៈពេលខ្លី) និងស្រូវផ្ការំដួល (ស្រូវកណ្តាល) ។ ការឧបត្ថម្ភធនលេីពូជស្រូវដូចឆ្នាំមុនដែរ គឺរដ្ឋជួយចេញ ២ ០០០រៀល/គ.ក្រ ប្រជាកសិករចេញតែ ១ ០០០រៀល/គ.ក្រ ។ ចំណែកបន្លែ គ្រោងបន្ថែម កសិករ ៦៦គ្រួសារ លេីផ្ទៃដី ២២ ហិកតា ។
ក្រៅពីឧបត្ថម្ភធនជាប្រាក់ទិញពូជស្រូវ គម្រោងបានផ្តល់ឃ្លាំងថែរក្សាស្រូវពូជ ចំនួនពីរ ព្រមទាំងឧបករណ៍ សម្ភារៈគាំទ្របង្កេីនគុណភាពពូជស្រូវមួយចំនួនទៀត និងបច្ចេកទេសកសិកម្មថ្មីៗដែលធន់នឹងបម្រែបម្រួលអាកាសធាតុផងដែរ ។ ទាំងស្រូវនិងបន្លែ គម្រោងបានសម្របសម្រួលឱ្យកសិករចងក្រងជាក្រុមនិងសហគមន៍កសិកម្ម ដេីម្បីងាយស្រួលក្នុងការផ្សារភ្ជាប់កសិផលរបស់ខ្លួនទៅកាន់អ្នកបញ្ជាទិញ ឬ ជាដៃគូពាណិជ្ជកម្មជាក់លាក់តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ។នៅឆ្នាំ ២០១៧ មានសហគមន៍ផលិតស្រូវដប់ សហគមន៍បន្លែបួននិងក្រុមផលិតបន្លែ ១៤ក្រុម ។ ម្ចាស់រោងម៉ាស៉ីនកិនស្រូវ អាជីវករប្រមូលទិញបន្លែ ត្រូវបានគម្រោងអញ្ជេីញចូលរួមនិងជំរុញណែនាំក្នុងការបញ្ជាទិញកសិផលពីក្រុមកសិករឬសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ។
ឯ.ឧ លី ឡេង អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ ជំរុញបន្ថែមដល់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការយកចិត្តទុកដាក់ណែនាំបច្ចេកទេសថ្មីៗដល់កសិករ ព្រមទាំងតាមដាន ត្រួតពិនិត្យជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណី មានលេចចេញនូវជំងឺឬសត្វល្អិតយាយីដល់ដំណាំស្រូវរបស់គាត់ ។ អាជ្ញាធរដែនដីស្រុក ឃុំ មេភូមិ ក៏ត្រូវតាមដាននិងរាយការណ៍ជាបន្ទាន់ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងករណីប្រជាកសិករជួបនូវការលំបាកក្នុងផលិតកម្មកសិកម្ម ។ ការលំបាករបស់ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាលនិងយេីងទាំងអស់គ្នា ៕ សាន វិឡែម ២៧.៣.២០១៨