លោកជំទាវ ម៉ែន សំអន និងលោកជំទាវ ភឿងសកុណា ដឹកនាំមន្រ្តីរាជការ សប្បុរសជននិងអ្នកជំនាញធ្វើពិធីប្រុងពលីបើកការដ្ឋានជួសជុលប្រាសាទចតុមុខនៃក្រុមប្រាសាទបាកាណ(ព្រះខ័ន្ធកំពង់ស្វាយ)នៅខេត្តព្រះវិហារ

0
37599

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ អ្នកជំនាញផ្នែកអភិរក្សជួសជុលប្រាសាទ ឆ្មាំការពារប្រាសាទ ធ្វើពិធីប្រុងពលីបើកការដ្ឋានជួសជុលប្រាសាទចតុមុខនៃក្រុមប្រាសាទបាកាណ(ព្រះខ័ន្ធកំពង់ស្វាយ) នៅថ្ងៃចន្ទ ០៣កើត ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនាពេលនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយប្រាសាទរបស់យើងត្រូវបានខូចខាត បែកបាក់ដោយសារសង្គ្រាម តែពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព សុវត្តិភាពពេញលេញ និងការរីកចម្រើនគ្រប់វិស័យ និងម្យ៉ាងទៀតដោយក្រសួងវប្បធម៌ និងវិចិត្តសិល្បៈមានលទ្ធភាពជំនាញគ្រប់គ្រាន់ក្នុងការជួសជុលទើបយើងចាំបាច់ត្រូវតែជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌជាតិឡើងវិញសំដៅលើកកម្កើងដួងព្រលឹងជាតិ។ បន្ថែមលើសនេះ លោកជំទាវក៏បានស្នើឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាទ្រព្យសម្បត្តិដែលជាមរតកដូនតា និងជាដួងព្រលឹងជាតិឲ្យបានគង់វង្សទាំងនៅជំនាន់នេះ ជំនាន់កូនចៅយើងក្រោយៗទៀត។

ថវិកាសម្រាប់ការជួសជុលប្រាសាទចតុមុខគឺបានមកពីសកម្មភាពសប្បុរសធម៌ និងពិធីបុណ្យផ្កាប្រាក់ដែលលោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានខិតខំផ្តួចផ្តើមនាពេលកន្លងមក។ គួរបញ្ជាក់ថា ប្រាសាទចតុមុខមានទីតាំងនៅភូមិរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងស្ថិតក្នុងក្រុមប្រាសាទបាកាណ(ព្រះខ័ន្ធកំពង់ស្វាយ) ដែលជាទីតាំងប្រវត្តិសាស្ត្រក្នុងបង្កើតនិងហ្វឹកហាត់កងទ័ពមុនពេលព្រះបាទជ័យវរ្ម័នទី៧ធ្វើការដណ្តើមឯករាជ្យពីការឈ្លានពាននៃនគរចម្ប៉ា៕










Facebook Comments
Loading...