ប្រហែសបាត់ ប្រហែសបាត់ មិនថាម៉ូតូ មិនថាទ្រព្យសម្បត្តិផ្សេងៗ រហូតទ្រាំលែងបាន ទើបប្រជាពលរដ្ឋ មកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយកង្វល់ពួកគាត់។
ក្រោយពេលទទួលពាក្យបណ្តឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌទួលគោក មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក សៀង ហៃ ជាក្រឡាបញ្ជី និង និងមានការសហការពី គណៈបញ្ជាការខណ្ឌទួលគោក ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលខណ្ឌស្តីទី លោកចៅសង្កាត់ទឹកល្អក់ទី១ និង លោកមេភូមិ១៦ បានចុះឆែកឆេរតំបន់ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ គឺ៖
១-ឈ្មោះ នីន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ពុំប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ១៦ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ខៀវ ដួងច័ន្ទតារា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់ផ្ទះជួលផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីបញ្ជូនជនសង្ស័យមកដល់មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ក្នុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះមានឈ្មោះ៖
៣-ឈ្មោះ ជ័យ សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះលេខ១៤៤D1ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤-ឈ្មោះ ចាន់ ស៊ីថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅ ផ្ទះជួល ភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៥-ឈ្មោះ អ៊ុង សំរេច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពញ។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់បានសារភាពថា៖
១-នីន វីរៈ ធ្លាប់កាច់កម៉ូតូ ចំនួនជិត ២០លើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃចំនួន០៣ លើកក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក។
២- អ៊ុង សំរេច ជាចោរឆក់ផង លួចផង គាស់ផ្ទះផង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរូបគេជាមួយបក្ខពួកតែងជិះម៉ូតូ ចេញឆក់ ជារៀងរាល់ថ្ងៃ តែបើកន្លែងណាស្ងាត់ពួកគេនឹងចូលគាស់ផ្ទះ បើកន្លែងណាប្រហែសពួកគេចូលលួច។
៣-ខៀវ ដួងច័ន្ទតារា ជាបក្ខពួកជាមួយក្រុមចោរឆក់ លួច កាច់កម៉ូតូ គាស់ផ្ទះ និងជាអ្នកដោះគ្រឿងម៉ូតូដែលលួចបាន។
៤-ចាន់ ស៊ីថា ជាចោរលួចម៉ូតូផង លក់បានលុយ តែងយកទៅជក់គ្រឿងញៀនផង។
៥-ជ័យ សារឿន ជាអ្នកទទួលផលចោរកម្ម ដោយបានទិញម៉ូតូចោរក្នុងតម្លៃថោកៗ ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងអាវុធហត្ថ ចាប់យកវត្ថុតាងបានមួយចំនួនរួមមាន៖
-ម៉ូតូ០២គ្រឿង ម៉ាក MSX ស្លាកលេខ ភ្នំពេញ1GN-1112 និង ម៉ាកSL ស្លាកលេខ កំពត
1G-3218 ជាម៉ូតូដែលពួកចោរទាំងនេះលួចបានមក។
-ដាវ ០២ដើម
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ដប់សម្រាប់ជក់ថ្នាំមួយចំនួន
-ដែកអក្សរTសម្រាប់កាច់កម៉ូតូ០២
-កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ មួយចំនួន
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕
#PhnomPenhGRK