ភ្នំពេញ ៖ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ អំពាវនាវឱ្យ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិឧសភានិង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះលោកឈួន ឆាំ ចៅសង្កាត់ពន្សាំងបានឲ្យដឹងដែរថា ទូទាំងភូមិចុងថ្នល់និងភូមិឧសភា មានក្បាលដីចំនួន១៥៤៣ក្បាលដី ដែលត្រូវបានបិទផ្សាយជាសាធរណៈ ក្នុងនោះភូមិចុងថ្នល់មានចំនួន៨២៩ក្បាលដី ភូមិឧសភាមានចំនួន៧១៤ក្បាលដី។ ក្នុងចំណោម២៤ភូមិក្នុងសង្កាត់ពន្សាំងគឺបានបិទផ្សាយជា\សាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីរដីធ្លីជាប្រព័ន្ធបាន៥ភូមិ ហើយដើម្បីឲ្យដំណើរការបិទផ្សាយនេះមានភាពរលូននោះអាជ្ញាធរសង្កាត់ក៏បានសហការជាប់ជាប្រចាំជាមួយមន្ត្រីជំនាញនិងប្រជាពលរដ្ឋជាម្ចាស់ដីក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲឲ្យបានពិតប្រាកដផងដែរ។
ចំណែកលោក ពឹង រតន: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ អំពាវនាវបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាសង្កាត់ពន្សាំង។
លោកអនុប្រធានមន្ទីរបន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលមានដី នៅភូមិទាំង២ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ហើយការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។
បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ដោយឡែកលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា ការបិទផ្សាយនូវការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រហើយការចុះបញ្ជីរដីជាលក្ខណ:ប្រព័ន្ធគឺដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបានរបស់ខ្លួន៕