ខេត្តបន្ទាយមានជ័យ៖ សិស្សានុសិស្សជាច្រើននាក់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាភូមិដាច់ស្រយាលមួយ ដោយគ្មានសាលារៀននិងគ្រូគ្រប់គ្រាន់ អ្នកស្រុក ត្រូវបង្ខំចិត្តឲ្យកូនចៅទៅរៀននៅក្រោមគុម្ពឫស្សីជាមួយអ្នកគ្រូស្ម័គ្រចិត្តម្នាក់ តែបើមេឃភ្លៀងវិញផ្លូវធ្វើដំណើរមិនកើតសិស្សទាំងអស់បាននាំគ្នាមករៀននៅផ្ទះអ្នកស្រុកមានរយៈពេល៣ឆ្នាំកន្លងមកហើយ។
ប្រជាពលរដ្ឋបាននាំគ្នានិយាយថានៅភូមិនេះជាភូមិដាច់ស្រយាល គ្មានគ្រូបង្រៀន និងគ្មានគ្នាក់រៀនមានតែគ្រូស័្មគចិត្តដោយសារអត់ថ្នាក់រៀនទើបប្រជាពលរដ្ឋបង្ខំចិត្តឲ្យកូនៗរបស់ពួកគាត់រៀននៅក្រោមគុម្ពឫស្សីមានរយះពេល៣ឆ្នាំមកកន្លងមកហើយតែបើមានមេឃភ្លៀងវិញ សិស្សត្រូវនាំគ្នាទៅរៀនក្នុងផ្ទះមួយដែលម្ចាស់មិននៅព្រោផ្លូវធ្វើដំណើរទៅនៅក្រោម គុម្ពឫស្សីពិបាកធ្វើដំណើរខ្លាំងណាស់។លោកតាឈ្មោះ ជា វ៉ារិន អាយុ៥០ឆ្នាំជាគ្រូបង្រៀនស្ម័គ្រចិត្តបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាសិស្សក្នុងភូមិរបស់គាត់ដោយសារគ្មានថ្នាក់រៀនសិស្សបង្ខំចិត្តរៀនក្រោមគុម្ពឫស្សីឃើញជាក់ស្តែងនេះ៣ឆ្នាំកន្លងមកហើយសិស្សចេញពីផ្ទះត្រូវនាំគ្នាដើរកាត់ព្រៃទៅកាន់សាលារៀន ហើយបើនៅខែវស្សាសិស្សត្រូវដើរឆ្លងកាត់ទឹកនិងភក់ ។
ជុំវិញករណីនេះ លោក គង់ សារឿន នាយកសាលាបឋមសិក្សាភ្នំយាយសំបាន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ករណីខាងលើគឺពិតជាមានមែនរ សាលារបស់គាត់មាន៥បន្ទប់មានគ្រូ២នាក់ ជាគ្រូកិច្ចសន្យានិងមានសិស្ស១០៧នាក់ស្រី៥១នាក់រៀនទាំងព្រឹកទាំងល្ងាច សាលានៅខ្វះសិស្សនៅឡើយ ប៉ុន្តែសិស្សដែលជួបការលំបាកហើយរៀននៅក្រោមគុម្ពឫស្សីនោះ មិនអាចមករៀនក្នុងសាលាលោកបានទេ ព្រោះគ្មានផ្លូវហើយដើរកាត់ព្រៃនិងមានចម្ងាយដីជិត៥គីឡូម៉ែត្រឯណោះ ។
លោកនាយកសាលាបានបញ្ជាក់ឲ្យដឹងទៀតថាលោកនឹងធ្វើរបាយការណ៍ពីស្ថិតិសិស្សដែលរៀនក្រោមគុម្ពឫស្សីនេះ និងអ្នកគ្រូ យិន ចិន្តា បញ្ជូនទៅការិយាល័យអប់រំស្រុក ដើម្បីឲ្យថ្នាក់លើបានដឹងនិងសុំឲ្យអ្នកគ្រូម្នាក់នេះបានទៅជាគ្រូកិច្ចសន្យានៅសាលារបស់លោក ប៉ុន្តែបង្រៀននៅកន្លែងដដែល ពិសេសដើម្បីឲ្យរាជរដ្ឋាភិបាលជួយប្រាក់ឧបត្ថម្ភដល់លោកតានេះទៀតផង ។
ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សនិងអ្នកគ្រូ យិន ចិន្តា បានធ្វើការអំពាវនាវសុំថ្នាក់លើមេត្តាជួយធ្វើអគារសិក្សា១ខ្នងនៅក្នុងភូមិរបស់គាត់ ដើម្បីឲ្យសិស្សក្នុងភូមិ បានរៀនសូត្រ និងសុំផ្លូវមួយខ្សែសំរាប់តម្រូវការក្មេងក្នុងភូមិបានចូលរៀនឲ្យបានស្រួលផង៕