អគ្គីភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនើបនៅផ្សារដេប៉ូ បណ្ដាលឱ្យខូចខាតរថយន្ត៣គ្រឿងទាំងស្រុងនិងសម្ភារៈជាច្រើនទាំងព្រឹកព្រលឹម

0
227

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបចំនួន ៣គ្រឿងបានឆេះខ្ទេចទាំងស្រុង និងសម្ភារៈ គ្រឿងបន្លាស់រថយន្តជាច្រើនក៏រងការខូចខាតផងដែរ ក្នុងករណីអគ្គីភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនើប មួយកន្លែង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ១៨២ ក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅទីនោះក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ធាន និងកម្លាំងជំនាញពន្លត់អគ្គីភ័យឱ្យមកជួយអន្តរាគមន៍ ដោយធ្វើការបាញ់ទឹកពន្លត់អស់ទឹកចំនួន ០៦ឡាន និងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល។
ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ បានធ្វើឱ្យខូចខាតរថយន្តស៊េរីទំនើបចំនួន ០៣គ្រឿង សម្ភារៈ និងគ្រឿងបន្លាស់រថយន្តជាច្រើន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះអ្នកជិតខាងឡើយ។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

Facebook Comments
Loading...