អាជ្ញាធរខេត្តសៀមរាបនិរាករណ៍លិខិតសុំផ្អាកការរុះរើរបស់អាជ្ញាធរអប្សរានោះចោលវិញហើយព្រោះតែរឿងមួយនេះ

0
58

ខេត្តសៀមរាប ៖ កន្លងមកក្រោយពីអាជ្ញាធរខេត្តសៀមរាបចេញលិខិតសុំឱ្យខាងអាជ្ញាធរអប្សរាផ្អាកការរុះរើស្រាប់តែសំណង់ថ្មីៗមានការកើនឡើងរហូតដល់ទៅជិត៤០០ករណីដោយមើលឃើញសភាពបែបនេះ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចលុបចោលលិខិតរបស់ខ្លួន ដែលបានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការងារផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរនោះចេញវិញដើម្បីបើកផ្លូវឱ្យអាជ្ញាធរអប្សារាបន្តការងាររុះរើរបស់ខ្លួនទៅមុខទៀត។

ការសំរេចនិរាករណ៍នេះ បន្ទាប់ពីពិនិត្យឃើញថា លិខិតស្នើសុំនោះបានធ្វើឱ្យមានការកើនឡើងនៃសំណង់ខុសច្បាប់យ៉ាងច្រើន បណ្ដាលឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរដែលជាតំបន់ការពារបេតិកភណ្ឌ។

តាមសេចក្តីជួនដំណឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ដែលចុះហត្ថលេខាដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរាបជូនទៅអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប សម្រេចនិរាករណ៍លិខិតលេខ ៤១២ /២២ ល.ស ចុះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ស្ដីពីសំណើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ធ្លាប់បានធ្វើលិខិតស្នើសុំមួយ ទៅកាន់អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយក្នុងលិខិតនោះ រដ្ឋបាលខេត្តសៀមរាបបានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យ ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។

ក្នុងលិខិតនោះក៏បានស្ដីបន្ទោសថាកន្លងមកបញ្ហាសំណង់ដែលប្រជាពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរតែងដាក់ពិភាក្សាក្នុងគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យពិភាក្សា និងសម្រេចផ្សេងៗ ប៉ុន្តែក្នុងអំឡុងមុនពេលនិងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះអាជ្ញាធរជាតិអប្សរាបានចុះអនុវត្តការងារដោយពុំបានពិភាក្សាគ្នាឱ្យច្បាស់លាស់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាទេ។

ជាមួយគ្នានោះឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ជា សុផារ៉ា ធ្លាប់បានបញ្ជាក់ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងក្បាលដីកំណត់និយាមក្បាលដី អត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅថាក្នុងរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឱ្យអាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើងដែលលោកក៏សំណូមពរឱ្យរដ្ឋបាលខេត្តសៀមរាប គួរតែនិរាករណ៍លិខិតនោះចេញ៕

Facebook Comments
Loading...