ខ្លាំងមែនជនសង្ស័យម្នាក់ជំនាញខាងលួចលេខកូដសម្ងាត់វីងដកលុយបានជាង១៦,០០០ដុល្លារ តែត្រូវអស់ល័ក្ខណ៍

0
330

ភ្នំពេញ ៖ បុរសជើងខ្លាំងខាងលួចលេខកូដសម្ងាត់វីងបានចំនួន៥១លើកនិងដកលុយសរុបបានចំនួន១៦,៥២៦ដុល្លារអាមេរិក តែពេលនេះត្រូវអស់ល័ក្ខណ៍ដោយសារកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០និង២៥នាទីយប់ថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មុនពេលឈានដល់ការឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ធនាគារវីង ប្តឹងពីឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់ធនាគារវីង ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនានាក្នុងប្រទេសកម្ពុជា ដោយលួចយកលេខកូដសម្ងាត់របស់អតិថិជន ដែលបានប្រើប្រាស់សេវាកម្មវេរប្រាក់តាមរយៈធានគារវីង ចំនួន៥១លើក គិតជាទឹកប្រាក់ចំនួន ១៦,៥២៦ដុល្លារអាមេរិក។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង២៥នាទីទើបឃាត់ខ្លួនបានជនសង្ស័យបាននៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើលួចថតយកលេខកូដពីអតិថិនជនដែលទៅផ្ញើប្រាក់តាមកន្លែងវេរប្រាក់ហើយធ្វើការកែលេខទូរសព្ទ័នៅលើរូបភាពឲ្យដូចនឹងលេខរបស់អតិថិជនអ្នកទទួលប្រាក់ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែលកំពុងរវល់ មិនបានចុចឆែកលេខ បានចំនួន ៥១លើក ប្រាកដមែន។

ក្នុងនាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថាជនសង្ស័យរូបនេះតែងធ្វើសកម្មភាពបន្លំថតរូបភាពនៅកន្លែងផ្ទេរប្រាក់វីងហើយយកចុងសន្លឹកផ្ទេរប្រាក់នោះទៅក្លែងបន្លំប្ដូរលេខទូរស័ព្ទដាក់លេខរបស់ខ្លួន ដើម្បីទៅបើកប្រាក់ អាស្រ័យហេតុននេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ពេលចូលបើកប្រាក់នៅកន្លែងផ្សេងៗ៕

Facebook Comments
Loading...