មន្ត្រីទាំងអស់ត្រូវពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈជូន​ប្រ​ជាពលរដ្ឋឲ្យបាន​ទាន់ពេលវេលា និងកាន់តែល្អប្រសើរ​បន្ថែមទៀត

0
2697

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសាររបាយការណ៍ ស្តីពីសភាពការទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារៈកិច្ចឆ្នាំ២០២២របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ទាំងសមត្ថកិច្ច និងមន្ត្រីទាំងអស់ត្រូវពង្រឹង​និងអនុវត្តគោលនយោបាយ​ភូមិ/សង្កាត់មានសុវត្ថិភាពឲ្យបានខ្លាំងក្លាប្រកប​ដោយប្រសិទ្ធភាពខ្ពស់​ជូន​ប្រជាពលរដ្ឋឲ្យទទួលបានសេចក្តីសុខនិងសុវត្ថិភាព និងពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈជូន​ប្រ​ជាពលរដ្ឋឲ្យបាន​ទាន់ពេលវេលា និងកាន់តែល្អប្រសើរ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ​មន្ដ្រី​ទាំងអស់ ជាពិសេស​ប្រធាន អនុប្រធាន និងសមាជិក​ក្រុមការ​ងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​ជៀសវាងឲ្យបាននូវបក្សពួក សាច់ញាតិបងប្អូននិយម ក្នុងការអន្តរាគម៍លើករណីខុស។ ​ហើយក្រុមការងារទាំងអស់ ​ត្រូវ​បន្ត​ស​ហការ និង​សាមគ្គីភាព​ផ្ទៃ​ក្នុងឲ្យបានល្អ និងត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បីឲ្យដឹងពីសុខ ទុក្ខ និងដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗឲ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ព្រោះមិនយូទេនៅសល់មិនដល់១០០ថ្ងៃផងការបោះឆ្នោតឃុំ សង្កាត់ និងមកដល់ហើយ។

លោកសុខ សម្បត្តិ បន្ថែមថា មានតែគណ​បក្សប្រជាជនកម្ពុជា​តែមួយគត់ដែលស្គាល់សុខ​ទុក្ខរបស់ប្រជាជននិងជួយរក្សា​សេចក្តីសុខ​ ខិតខំថែរក្សាសន្តិភាព​ រួមទាំងការអភិវឌ្ឍន៍ប្រទេស​ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជូនប្រជាជននិងមាតុប្រទេស។ ដូចនេះក្រុមការងារទាំងអស់ត្រូវហ៊ានលះបង់ដើម្បី​គណៈបក្ស​ប្រ​ជាជនកម្ពុជាទាំងអស់គ្នា ​ហើ​យ​​បើ​ស្រ​លាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា​ មន្ត្រីទាំងអស់ និងប្រជាពល​រដ្ឋ ពិសេសអ្នកដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវបបួលគ្នាទៅ​បោះឆ្នោតជូន​គ​ណ​​បក្ស​ប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ឆ្នាំ២០២២ និងបោះ​ឆ្នោតស​កល​នាឆ្នាំ២០២៣ ខាងមុខ ដើម្បីយើងទទួលជ័យជំនះបន្តទៀត៕

Facebook Comments
Loading...