បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនបានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនទម្លាក់អាវុធ ហើយទាហានរូបណាដែលធ្វើតាមនឹងមានសុវត្ថិភាពចាកចេញពីតំបន់សមរភូមិ។ ខណៈមេដឹកនាំនិង កម្លាំងទាហានអ៊ុយក្រែនបានសន្យាស្មោះត្រង់ជាមួយពលរដ្ឋ។
លោកពូទីនបញ្ជាក់ថា «សូមកុំអនុវត្តតាមបទបញ្ជាដែលផ្ទុយពីច្បាប់ ខ្ញុំសូមអំពាវនាវឱ្យទម្លាក់អាវុធជាបន្ទាន់ ហើយវិលត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ។ កម្លាំងទាហានអ៊ុយក្រែនទាំងអស់ដែលទម្លាក់អាវុធ នឹងមានសេរីភាពចាកចេញពីតំបន់សមរភូមិទៅផ្ទះដោយសុវត្ថិភាព»។
ប្រធានាធិបតីពូទីនបញ្ជាក់ទៀតថា «ការទទួលខុសត្រូវពីការបង្ហូរឈាមអាចនឹងកើតឡើង វាអាស្រ័យទៅលើមេដឹកនាំអ៊ុយក្រែនតែប៉ុណ្ណោះ។ ក្នុងពេលនេះដែរកម្លាំងទាហានរុស្ស៊ីកំពុងតែវាយប្រហារចូលរដ្ឋធានី Kiev ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញានៅថ្ងៃទី២៥ ខែកុម្ភៈនេះថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ ទោះបីជាដឹងថាកងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់ យ៉ាងក្តៅគគុកក្តី។ ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរបានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោងយ៉ាងដំណំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរបស់លោកបើកការវាយលុកអ៊ុយក្រែនកាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ប្រជាជនយ៉ាងហោចណាស់១០០,០០០នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋាន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺមនុស្ស ១៣៧នាក់បានស្លាប់ និង ៣១៦នាក់រងរបួសក្នុងសង្គ្រាមរយៈពេលតែ១ថ្ងៃដំបូងប៉ុណ្ណោះ៕