ជនសង្ស័យ២នាក់បបួលគ្នាទៅរកត្រីឃើញម៉ូតូគេចតទុកចោល លួចជិះមកបញ្ចាំត្រូវអាវុធហត្ថចាប់វាយខ្នោះ

0
70

បន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ បបួលគ្នាទៅរកត្រីឃើញម៉ូតូគេចតទុកចោល នៅចំណុចផ្លូវវាង នៅក្រុងសិរិសោភ័ណ ទំនងស្ងាត់ លួចជិះមកបញ្ចាំនៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់វាយខ្នោះ បញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម។ ១-ឈ្មោះ កៀន មេសា ភេទប្រុស អាយុ៣៤ឆ្នាំ។ ២-ឈ្មោះ ហ៊ឹម រ៉ូហ្សានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ជនសង្ស័យទាំង២នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបន្តថា ជនសង្ស័យទាំង០២នាក់នេះ ធ្វើសកម្មភាពកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានលួចម៉ូតូអ្នកស្រុកដែលបានចតចោលនៅផ្លូវវាងក្រុងសិរិសោភ័ណ ខណៈដែលជនសង្ស័យទាំងពីរនាក់នេះ ទៅរកត្រី តែឃើញម៉ូតូជនរងគ្រោះចតចោលក៏លួចយកទៅបញ្ជាំនៅក្រុងប៉ោយប៉ែត តម្លៃ3.000បាត (លុយថៃ) ហើយយកលុយដើរស៊ីចាយអស់តែម្តង។

លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរិសោភ័ណ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទៅយកម៉ូតូ ០១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ របស់ជនរងគ្រោះ នៅកន្លែងបញ្ចាំនៅក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យម្ចាស់ដើមវិញ។

ចំណែកជនសង្ស័យទាំង២នាក់ ក្រោយពីបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

Facebook Comments
Loading...