រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ត្រីសុខាភិបាល ធ្វើតេស្ដរកវីរុសកូវីដ១៩លើកទី២នៅក្នុងសហគមន៍អណ្តូង ក្នុងសង្កាត់គោករកា

0
515

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩ ជាលើកទី២ ទៅលើប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ មានអ្នកមានវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី Delta ស្ថិតក្នុងកន្លែងបិទខ្ទប់បណ្តោះអាសន្ននៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថាដោយមានកិច្ចសហការល្អពីមន្ត្រីសុខាភិបាល និងកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ពេលនេះមន្ត្រីសុខាភិបាល (ទ័ពអាស) បាននិងកំពុងធ្វើតេស្ដរកវិរូសកូវីដ១៩ ជាលើកទី២ ចំពោះប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១ បានរកឃើញក្នុងចំ​ណោមប្រជាពលរដ្ឋទាំងនេះ អ្នកមានវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥។

លោក បញ្ជាក់ថា នៅក្នុងប្រតិបត្តិការរកវីរុសកូវីដ១៩ ក្នុងសហគមន៍អណ្ដូងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះត្រូវបានបញ្ចប់ និងសរុបប្រជាពលរដ្ឋដែលបានធ្វើតេស្ដ ជាក់ស្ដែង មានចំនួន២០៧១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានចំនួន៤៨នាក់។

លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋសហគមន៍អណ្ដូង៤-៦ ដែលបានធ្វើតេស្ដជាក់ស្ដែងចំនួន១១៨១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ និងប្រជាពលរដ្ឋសហគមន៍អណ្ដូង៣-៥ ដែលបានធ្វើតេស្ដជាក់ស្ដែង មានចំនួន៨៩០នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ផ្សេងទៀត សរុបទាំងអស់អ្នកវិជ្ជមានចំនួន៤៨នាក់៕

Facebook Comments
Loading...