ជប៉ុនពង្រីកការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង បន្ថែមទៀត

0
708

បរទេស ៖ សារព័ត៌មានជប៉ុន NHK បានចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា រដ្ឋាភិបាលជប៉ុន បានសម្រេចពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនបន្ថែមទៀត ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង រយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលបាល្លីស្ទិក កាលពីសប្ដាហ៍មុន។

ជប៉ុនបានបង្ខំចិត្តដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំនឹងកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីឆ្លើយតប ចំពោះការធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាល្លីស្ទិករបស់ប្រទេសកុម្មុយនីស្ដមួយនេះ។ វិធានការចំនួនពីរ ក្នុងចំណោមវិធានការនានា ដែលដាក់ទណ្ឌកម្មនោះ សំដៅលើពាណិជ្ជកម្ម និងការហាមឃាត់ការទាក់ទង តាមកំពង់ផែ ដោយនាវាដែលបានចុះបញ្ជី នៅក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវផុតកំណត់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រីកទណ្ឌកម្មនេះ ដែលបានកើតឡើង ចំពេលមិនមានវឌ្ឍនភាពលើបញ្ហានានា ដូចជា កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយស្ថានភាពរបស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយភ្នាក់ងារកូរ៉េខាងជើង នៅអំឡុងទសវត្សរ៍១៩៧០ និង៨០។ ជាមួយគ្នានេះដែរ កាលពីសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាល្លីស្ទិក ចំនួន២គ្រាប់ ធ្លាក់នៅខាងក្រៅតំបន់ពាណិជ្ជកម្មផ្ដាច់មុខរបស់ជប៉ុន។

កូរ៉េខាងជើង ត្រូវគេរំពឹងទុកថា ស្ថិតក្នុងចំណោមប្រធានបទដ៏សំខាន់មួយ ត្រូវលើកយកមកពិភក្សាគ្នា នៅក្នុងជំនួបកំពួល រវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលនឹងប្រារព្ធធ្វើ នៅខែក្រោយនេះ។ រីឯរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក ត្រូវគេរំពឹងថា នឹងបញ្ចប់នូវការត្រួតពិនិត្យ លើគោលនយោបាយរបស់អាមេរិក ចំពោះកូរ៉េខាងជើង។ ចំណែកជប៉ុនសង្ឃឹមថានឹងធ្វើការជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកដំណោះស្រាយយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។

កាលពីនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្យាយាមចរចាជាមួយនឹងមេដឹកនាំកូរ៉េខាងជើង ដើម្បីឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែទាំងការចរចា នៅក្នុងប្រទេសសិង្ហបុរី និងវៀតណាម សុទ្ធបរាជ័យទាំងអស់ ហើយពេលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិក កូរ៉េខាងជើងបានបន្ដបាញ់សាកល្បងមីស៊ីលបន្ថែមទៀត រហូតធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូងខាងសម្បាយ៉ាងខ្លាំង រហូតឈានដល់ការដាក់ទណ្ឌកម្មបន្ដទៀត៕

Facebook Comments
Loading...