សោម វិឆ័យ សុំសាកស្នៀតគុននិងម៉ឺន មេឃា ខណៈវ៉ាន់ វឿន ឡើងតតាំងនិងខេម ចាន់

0
248

ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់អេភូថងកីឡា ឡើងស្វាគមន៍កីឡាករសោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុលសែនជ័យ ខណៈកីឡាករខេម ចាន់ អ្នកប្រដាល់នៃក្លិបកងពលពិសេសទ័ពឆ័ត្រយោង៩១១ សុំសាកស្នៀតគុននិងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១នេះ។

កីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​ជាច្រើន​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាន់ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​នោះទេ​ ប៉ុន្តែគេអាចវាយបានគ្រប់ស្នៀត។

ចំណែកកីឡាករសោម វិឆ័យ ឡើងវាយស្ទើររាល់សប្តាហ៍ទៅហើយភាគច្រើនចាញ់ តែយ៉ាងណាគេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អដែរ តែហាក់មិនសូវមានសំណាងឈ្នះគូប្រកួតដែលមានស្នៀតគុនខ្លាំងជាងខ្លួនឡើយ។ ការប្រកួតរវាងកីឡាករទាំង២នាក់នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា សោម វិឆ័យ មានភាគរយឈ្នះទៅលើម៉ឺន មេឃា តិចបំផុត បើកូនសិស្សលោកអេ ភូថង វាយមិនប្រស់ទេសោម វិឆ័យ អាចចាញ់ដោយសន្លប់ទៀតផង។

ដោយឡែកកីឡាករវ៉ាន់ វឿន ជួបជាមួយកីឡាករខេម ចាន់នេះ ក៍ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ខេម ចាន់ មានភាគរយឈ្នះតិច ព្រោះវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេវាយឡើងកូដជាខ្លាំង ហើយត្រូវ​បានអ្នក​ផ្គូរ​ផ្គង​តាមសង្វៀនចាប់គូឲ្យប្រកួតស្ទើររាល់សប្តាហ៍ ហើយកីឡាកររូប​នេះក៍​មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។

រីឯកីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត កឺជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ តែមិនសូវច្បាស់ ខ្លាំងបានតែគូប្រកួតល្មមៗប៉ុណ្នោះ បើប៉ះអ្នកខ្លាំងដូចជាវ៉ាន់ វឿន នេះមិនអាចប្រៀបបានឡើយ។ ចាំមើលការប្រកួតនេះចាញ់ឈ្នះដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?៕

Facebook Comments
Loading...