ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុប នៅស្រុកមេសាង ត្រូវនគរបាលតាមចាប់ខ្លួនជនដៃដល់បានហើយ

0
8514

ព្រៃវែង ៖ ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុប នៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅពេលនេះ ត្រូវកម្លាំងនគរបាលបានបើកប្រតិបត្តិការតាមចាប់ខ្លួនបាន នៅវេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី២២ ខែមិថុនា និងត្រៀមបញ្ជូនទៅកាន់តុលាការកាត់ទោសតាមច្បាប់ហើយ។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត, លោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នងមន្ទីរពេទ្យកាល់ម៉ែត។

ជនសង្ស័យមានឈ្មោះ បាន កាន អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានប្លន់សម្លាបជនរងគ្រោះឈ្មោះ ភី ឃុន អាយុ៤៩ឆ្នាំ នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង១១ និង៣៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ពេលចាប់ឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះម៉ូតូសេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទ័ដៃម៉ាកណូគា ១គ្រឿង។ បច្ចុប្បន្នសម្ភារ និងជនសង្ស័យ សមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកមេសាង ត្រៀមបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគបាលខេត្តចាត់ការបន្ត៕

Facebook Comments
Loading...