ប័ណ្ណសមធម៌សរុបមានចំនួន៤០១ប័ណ្ណ ត្រូវបានរដ្ឋបាលខណ្ឌព្រែកព្នៅប្រគល់ជូនសង្កាត់ទាំង៥ ដើម្បីចែកជូនប្រជាពលរដ្ឋ

0
7289

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅបានរៀបចំពិធីប្រគល់ប័ណ្ណសមធម៌ជូនដល់សង្កាត់ទាំង៥ សរុបមានចំនួន៤០១ប័ណ្ណ ក្រោមអធិបតីភាពលោក សុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកសុខ សម្បត្តិ បានលើកឡើងថា យុទ្ធនាការសម្ភាសគ្រួសារក្រីក្រកំឡុងកូវីដ១៩ សម្រាប់ខណ្ឌព្រែកព្នៅក្រោយពីវគ្គបណ្ដុះបណ្ដាលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ គឺយើងរកឃើញគ្រួសារក្រីក្រសរុបចំនួន៤០១ គ្រួសារ ក្នុងនោះសង្កាត់ព្រែកព្នៅគ្រួសារក្រីក្រចំនួន៣៦គ្រួសារ សង្កាត់ពញ្ញាពន់គ្រួសារក្រីក្រមានចំនួន៧៧គ្រួសារ សង្កាត់សំរោងគ្រួសារក្រីក្រមានចំនួន៣៨គ្រួសារ សង្កាត់គោករការគ្រួសារក្រីក្រមានចំនួន១៦៥គ្រួសារ សង្កាត់ពន្សាំងគ្រួសារក្រីក្រមានចំនួន៨៥គ្រួសារ។

លោកបន្តថា កិច្ចការនេះយើងមិនទាន់បញ្ចប់នៅឡើយទេគឺយើងធ្វើរហូតដល់ចប់កូវីដ១៩ ដែលរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រទៅតាមអនុក្រឹត្យលេខ៨៨អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

លោកអភិបាលខណ្ឌបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់យុទ្ធនាការសម្ភាសគ្រួសារក្រីក្រកំឡុងកូវីដ១៩ របស់ខណ្ឌព្រែកព្នៅ ហើយនិងមានលើកទី២ជាបន្តបន្ទាប់ទៀត រហូតពេលណាបញ្ចប់កូវិដ១៩ទាំងស្រុង។ ដូចនេះមន្ត្រីថ្នាក់សង្កាត់ ថ្នាក់ភូមិ ជួយពន្យល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានយល់ កុំច្រណែនគ្នា បើមើលឃើញថាគ្រួសារនោះក្រីក្រពិនមែនគឺយើងដោះស្រាយជូនពួកគាត់ភ្លាមៗតែម្តង។

ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌ នេះនិងទទួលបានឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ហើយប័ណ្ណនេះមានភាពងាយស្រួលក្នុងការទទួលយកសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាដៃគូនានាផងដែរ៕

Facebook Comments
Loading...